You are currently viewing ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញនាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួ ៣១ គ្រួសារនៅក្នុងស្រុកមេមត់

ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញនាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួ ៣១ គ្រួសារនៅក្នុងស្រុកមេមត់

( ត្បូងឃ្មុំ ): ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណអភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាលនាំពាក្យផ្តាំផ្ញើសួសុខទុក្ខ និងអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះនៅឃុំត្រមូង និងឃុំគគី ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥ នេះ ។


ពិធីនេះក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងម្លាំងប្រដាប់អាវុធទាំង៣ លោក ស្រេង លី អភិបាលស្រុកមេមត់ និងបងប្អូនពលរដ្ឋជាច្រើនរូប ។


ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណអភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដល់បងប្អូនពលរដ្ឋដែលទីទ័លក្រ ងាយរងហានិភ័យ និងងាយរងគ្រោះទាំងអស់ សូមបងប្អូនថែរក្សាសុខសុវត្ថិភាពផ្ទាល់ខ្លួន ជាពិសេសនារដូវនេះជារដូវវស្សា សូមបងប្អូនប្រុងប្រយ័ត្នចំពោះបញ្ហាធម្មជាតិ ភ្លៀង ខ្យល់កន្ត្រាក់ ផ្គរ រន្ទះ ដែលបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ និងអាចបាត់បង់អាយុជីវិត ហើយប្រសិនបើបងប្អូនជួបការលំបាកឬបញ្ហាណាមួយសូមបងប្អូនធ្វើការរាយការណ៍មកអាជ្ញាធរមូលដ្ឋានឱ្យលោកបានដឹងនិងធ្វើការដោះស្រាយជូនបងប្អូនពលរដ្ឋបានទាន់ពេលវេលា ។


ឯកឧត្ដមអភិបាលខេត្តបន្តថា កាកបាទក្រហមកម្ពុជាយើងដែលដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មានការយកចិត្តទុក្ខដាក់អំពីសុខទុក្ខពលរដ្ឋ ហើយតែងតែផ្តល់នូវអំណោយជូនដល់ពលរដ្ឋដែលរងគ្រោះ ងាយរងហានិភ័យ និងពលរដ្ឋទីទ័លក្រ តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ហើយក្នុងថ្ងៃនេះ បងប្អូនពលរដ្ឋដែលរស់នៅក្នុងឃុំត្រមូង និងឃុំគគី ប្រមាណ៣១គ្រួសារក៏ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំយើងផងដែរ ។


មុននឹងបញ្ចប់ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ក៏បានសំណូមពរឱ្យបងប្អូនពលរដ្ឋយកចិត្តទុក្ខដាក់ខ្ពស់លើកូនចៅ ដោយសារជារដូវវស្សាមានភ្លៀងធ្លាក់ច្រើន អាចនិងងាយកើតជំងឺគ្រុនឈាម ហើយជាពិសេសសូមកុំបណ្តោយឱ្យកុមារចុះលេងទឹក ព្រោះអាចបណ្តាលឱ្យមានគ្រោះថ្នាក់ និងមានវិប្បដិសារីទៅថ្ងៃក្រោយ ដូចនេះសូមពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្ន ៕