(ត្បូងឃ្មុំ): វិស័យពុទ្ធិកសិក្សាខេត្តត្បូងឃ្មុំ បានរៀបចំពិធីកាត់វិញ្ញាសាប្រឡងចូលរៀនកម្រិតពុទ្ធិកមធ្យមសិក្សាបឋមភូមិ (ឌីប្លូមពុទ្ធិក) នៅមណ្ឌលប្រឡង សាលាបឋមសិក្សា ស ខេង ខ្នារ ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ១៤ ខែមិនា ឆ្នាំ ២០២៦ ។

ពិធីប្រឡងនេះ មានការរៀបចំដោយអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃក្រសួងធម្មការ និងសាសនា ដោយមានការសម្របសម្រួលផ្ទាល់ពី មន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ ។

លោក ហាក់ ហុន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំបានឲ្យដឹងថា បេក្ខសមណៈសិស្សចូលរួមប្រឡងសរុប ចំនួន ១៥៨ អង្គ ដោយមានការនិមន្ត និងអញ្ចើញចូលរួមកាត់បើកវិញ្ញាសារប្រឡង ពីព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម រួមមានព្រះចរិយានុរ័ក្ខញាណ សោម វិជ្ជា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាអនុប្រធានផ្នែកពុទ្ធិកឧត្តមសិក្សា និងក្រោយពុទ្ធិកឧត្ដមសិក្សា, ព្រះវិន័យសត្ថា តេង ហែ ព្រះបាឡាត់គណខេត្តត្បូងឃ្មុំ និងលោក ហាក់ ហុន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងមន្ត្រីរាជការ នៃមន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ លោកគ្រូ-អ្នកគ្រូ ជាអនុរក្ស ។

លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្តបានបញ្ជាក់ថា បេក្ខសមណៈទាំងអស់ត្រូវឆ្លងកាត់ការវាស់ស្ទង់សមត្ថភាពលើវិញ្ញាសាចំនួន ៤ រួមមាន៖ ភាសាបាលី, សរសេរតាមអាន, ព្រះវិន័យ និងគណិតវិទ្យា ។

លោក ហាក់ ហុន បានលើកទឹកព្រះទ័យដល់បេក្ខសមណៈគ្រប់អង្គ ឱ្យខិតខំប្រឹងប្រែងប្រើប្រាស់ចំណេះដឹងឱ្យអស់ពីសមត្ថភាព និងត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុងនៃការប្រឡងឱ្យបានខ្ជាប់ខ្ជួន ។

លោកប្រធានបានបន្ថែមថា ការប្រឡងនេះគឺជាគ្រឹះយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានសង្ឃឱ្យមានគុណភាព និងសក្ដានុពល ដើម្បីចូលរួមលើកកម្ពស់វិស័យព្រះពុទ្ធសាសនា និងសង្គមជាតិឱ្យកាន់តែរីកចម្រើន ។

ដំណើរការប្រឡងនេះត្រូវបានរឹតបន្តឹងយ៉ាងម៉ត់ចត់ ដើម្បីធានាបាននូវ «តម្លាភាព យុត្តិធម៌ និងគុណផល» ស្របតាមអនុសាសន៍ដឹកនាំរបស់ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ដែលបានមានព្រះបន្ទូលថា៖ «ពុទ្ធិកសិក្សាគឺជាអាយុជីវិត និងជាឆ្អឹងខ្នងនៃព្រះពុទ្ធសាសនា ដូច្នេះការបណ្តុះបណ្តាលត្រូវយកគុណភាពជាចម្បង ប្រសើរជាងបរិមាណ» ៕
