You are currently viewing មន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ស្វាគមន៍ និងទទួលបដិសណ្ឋាកិច្ច ដល់សមាគមស៊ីក្លូកម្ពុជា ក្នុងដំណើរឆ្លងកាត់ទឹកដីខេត្តត្បូងឃ្មុំ ទៅខេត្តស្ទឹងត្រែង

មន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ស្វាគមន៍ និងទទួលបដិសណ្ឋាកិច្ច ដល់សមាគមស៊ីក្លូកម្ពុជា ក្នុងដំណើរឆ្លងកាត់ទឹកដីខេត្តត្បូងឃ្មុំ ទៅខេត្តស្ទឹងត្រែង

( ត្បូងឃ្មុំ ): លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរទេសចរណ៍ខេត្ត អញ្ជើញជួបសំណេះសំណាល និងអមដំណើររក្សាសុវត្ថិភាព ជូនដល់សមាគមស៊ីក្លូកម្ពុជា ក្នុងដំណើរឆ្លងកាត់ទឹកដីខេត្តត្បូងឃ្មុំ នៃព្រឹត្តិការណ៍ជិះស៊ីក្លូ ចាប់ផ្តើមចេញដំណើរពី រាជធានីភ្នំពេញ ឆ្ពោះទៅកាន់ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង រសៀលថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៦ ក្រោមពាក្យស្លោក “ផ្ដល់ក្តីសង្ឃឹមដល់ស៊ីក្លូកម្ពុជា” ក្នុងគោលបំណង អបអរសាទរទិវាជាតិទីក្រុងស្អាត ឆ្នាំ ២០២៦ ព្រមទាំងជាការចូលរួមព្រឹត្តិការណ៍ទេសចរណ៍ «ស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតា» និងគាំទ្រ និងអភិរក្សសមាគមស៊ីក្លូកម្ពុជា ។


លោក អឿន រិទ្ធ បានបញ្ជាក់ថា ក្រុមស៊ីក្លូ នៃសមាគមន៍ស៊ីក្លូកម្ពុជា គឺចេញដំណើរពីរាជធានីភ្នំពេញ កាត់តាមខេត្តមួយចំនួន ដូចជា៖ ខេត្តកណ្តាល កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ហើយឥឡូវនេះ ដោយជិះចំងាយប្រមាណ៣៧០គីឡូម៉ែត្រឆ្ពោះទៅខេត្តស្ទឹងត្រែង ។


លោកប្រធានមន្ទីរបានបន្តថា ដោយក្តីយកចិត្តទុកដាក់ពី ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានឱ្យមន្ទីរអង្គភាពជំនាញ ចុះធ្វើការទទួលបដិសណ្ឋាកិច្ច ព្រមទាំងរក្សាសុវត្ថិភាព ជូនដល់ អ៊ុំៗ ពូៗ ដែលជាអ្នកធាក់ស៊ីក្លូ របស់សមាគមន៍ស៊ីក្លូកម្ពុជា ដែលនេះជាលើកទី១ហើយដែលពួកគាត់បានមកដល់ទឹកដីនៃខេត្តត្បូងឃ្មុំយើងនេះ ។


លោក អឿន រឹទ្ធ បន្ថែមទៀតថា សមាគមស៊ីក្លូកម្ពុជា គឺទទួលការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា តាំងពីឆ្នាំ២០១៨ មក រហូតដល់មានការឧបត្ថម្ភ និងជួយជ្រោមជ្រែងទាំងជីវភាព និងការលើកទឹកចិត្តដល់អ៊ំ ពូ បងៗដែលជាអ្នកស្រឡាញ់អាជីពធាក់ស៊ីក្លូនេះផងដែរ ៕