You are currently viewing ឯកឧត្តម ប៊ុន ចន្ទវណ្ណៈ អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្រាលដីល្បាយក្រួសជាង ៤ គីឡូម៉ែត្រ ក្នុងតំបន់ដីសម្បទានសង្គមកិច្ច ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ឯកឧត្តម ប៊ុន ចន្ទវណ្ណៈ អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្រាលដីល្បាយក្រួសជាង ៤ គីឡូម៉ែត្រ ក្នុងតំបន់ដីសម្បទានសង្គមកិច្ច ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

( ត្បូងឃ្មុំ ): ឯកឧត្តម ប៊ុន ចន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញបើកការដ្ឋានការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ ខ្សែ (មាន ៨ កំណាត់) ប្រវែង សរុប ៤.៣៦៥ ម ទទឹង ៨ ម កម្រាស់ ០,២ ម សាងសង់លូមូលមុខមួយចំនួន ១៤ កន្លែង ផ្លាកសញ្ញាចរាចរណ៍ចំនួន ៤៨ ផ្លាក និងផ្លាកឈ្មោះផ្លូវចំនួន ១ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៦ ស្ថិតនៅគម្រោងដីសម្បទានសង្គមកិច្ច ក្នុងភូមិត្រពាំងផ្លុងទី ១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។


ដោយមានការអញ្ជើញចូលរួមពី លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌកឍន៍ជនបទខេត្តត្បូងឃ្មុំ និងមន្រ្តីបច្ចេកទេស នៃមន្ទីរអភិវឌ្ឍជនបទខេត្ត រួមនឹងតំណាងក្រុមហ៊ុន រ៉ូយ៉ាល់មេគង្គខន ស្ត្រាក់សិន និងឌីវើឡុបមែន ព្រមទាំងមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋប្រម៉ានជាជិត ១០០ នាក់ ។


ឯកឧត្តម ប៊ុន ចន្ទវណ្ណៈ រដ្ឋលេខាធិការ បានពាំនាំនូវការសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទ ឱ្យកាន់តែរីកចម្រើន ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១” របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលផ្ដោតលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ ។


ឯកឧត្តម ប៊ុន ចន្ទវណ្ណៈ ក៏បានពន្យល់ និងអំពាវនាវឱ្យប្រជាពលរដ្ឋមានទំនុកចិត្តលើរាជរដ្ឋាភិបាល ដែលជានិច្ចកាលតែងតែប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដើម្បីការពារ អធិបតេយ្យភាពជាតិ និងរក្សាបាននូវ កិច្ចសហប្រតិបត្តិការណ៍ល្អ ជាមួយប្រទេសជិតខាង ។


ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសំណូមពរ ដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ឲ្យចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស ដើម្បីឱ្យដំណើរការស្ថាបនា ប្រព្រឹត្តទៅដោយជោគជ័យតាមផែនការ និងចូលរួមគ្នាថែរក្សាសមិទ្ធផលនេះ ឱ្យបានគង់វង្សសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមបានយូរអង្វែង ៕