You are currently viewing អភិបាលស្រុកត្បូងឃ្មុំ អញ្ជើញសម្ពោធឆ្លង “ចេតិយរួម” ដ៏ស្កឹមស្កៃ និងបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តសន្តិវង្សារាម

អភិបាលស្រុកត្បូងឃ្មុំ អញ្ជើញសម្ពោធឆ្លង “ចេតិយរួម” ដ៏ស្កឹមស្កៃ និងបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តសន្តិវង្សារាម

 

( ត្បូងឃ្មុំ ): លោក សេង សុខខឿន អភិបាលនៃគណៈអភិបាលស្រុកត្បូងឃ្មុំ បានអញ្ជើញសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវ”ចេតិយរួម” ដ៏ស្កឹមស្កៃ និងរួមគ្នាប្រារព្ធពិធីបុណ្យផ្កាប្រាក់សាមគ្គី នៅបរិវេណវត្តសន្តិវង្សារាម(វត្តផ្សារថ្មី) ស្ថិតនៅភូមិ ០៤+០៥ ឃុំជប់ ស្រុកត្បូង ឃ្មុំខេត្តត្បូងឃ្មុំ នាថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៦ ។


ព្រះគ្រូវិសុទ្ធិបញ្ញាញាណ(វិរិយបណ្ឌិតោ) វឿន ម៉ាប់ ព្រះគ្រូចៅអធិការវត្តសន្តិវង្សារាម(ផ្សារថ្មី) បានមានត្ថេរដិការសង្ខេបអំពីប្រវត្តិនៃការកកើតវត្ត និងសកម្មភាពនៃការកសាងចេតិយរួម ដែលលេចចេញ ជារូបរាងរហូតឈានដល់ដំណាក់កាលសម្ពោធឆ្លងនៅក្នុងថ្ងៃនេះ ជាក់ស្តែង សមិទ្ធផលថ្មី “ចេតិយរួម” ដែលសម្ពោធនាឱកាសនេះ គឺជាសក្ខីភាពនៃសទ្ធាជ្រះថ្លារបស់ឧកញ៉ា ម៉ក់ គឹមហុង និងលោកជំទាវ រួមនឹងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានចំណាយថវិកាសាងសង់សរុបចំនួន ៦០.៥៥០ ដុល្លារ ។


ព្រះអង្គបន្ថែមត្ថេរដីការថា អ្វីដែលគួរឱ្យកោតសរសើរនោះ ក្នុងឱកាសពិធីសម្ពោធនេះ លោកឧកញ៉ា និងលោកជំទាវ បានប្រគេនបច្ច័យបន្ថែមចំនួន ៨.៩៥០ ដុល្លារ ដើម្បីទូទាត់ថ្លៃសម្ភារៈ និងឈ្នួលជាងដែលនៅខ្វះខាតឱ្យរួចរាល់ជាស្ថាពរតែម្តង ។


លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនេះ ដែលមិនត្រឹមតែលើកកម្ពស់វិស័យសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយសម្រាលទុក្ខលំបាកយ៉ាងធំធេងដល់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារខ្វះខាត ឱ្យមានកន្លែងសមរម្យសម្រាប់តម្កល់អដ្ឋិធាតុបុព្វការីជន ។


លោកអភិបាលស្រុកត្បូងឃ្មុំ ក៏បានឆ្លៀតឱកាសអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យរួមគ្នាអនុវត្តគោលនយោបាយភូមិ ឃុំ សុវត្ថិភាព និងអប់រំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន ។


ចេតិយនេះ រួមមានទំហំខឿន ១៣,៥០ម x ១៧,៥០ម និងតួចេតិយទំហំ ៥,៥០ម x ៥,៥០ម មានទូរកញ្ចក់សម្រាប់តម្កល់ធាតុចំនួន ១.០៦៤ ទូរ និងមាន រូបសំណាកស្តេចចតុលោកបាល សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធជុំវិញយ៉ាងប្រណីត ៕