( ត្បូងឃ្មុំ ): ឯកឧត្តម គន់ រ័ត្នមុនី្ន អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សហការជាមួយរដ្ឋបាលស្រុកក្រូចឆ្មារ មេឃុំឈូក មេភូមិ សហគមន៍កសិកម្មកសិកររុងរឿង ចុះពិនិត្យសកម្មភាពការកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ្ស៊ែរ ក្នុងគម្រោងខ្សែបង្វាក់ផលិតកម្មដោយភាតរៈបរិស្ថាន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជួបចុះសំណេះសំណាលជាមួយកសិករ ទទួលផលចំនួន ៧២ គ្រួសារ ក្នុងភូមិបារាណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃអង្គារ ទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៦ ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានថ្លែងឲ្យដឹងថា ការកៀរពង្រាបដីដោយប្រព័ន្ធឡាហ្ស៊ែរ អនុវត្តដោយគម្រោងខ្សែចង្វាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រថវិកាពី ហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលការកៀរពង្រាបដី ដោយប្រព័ន្ធឡាហ្ស៊ែរក្នុងខេត្តត្បូងឃ្មុំ មានពីដំណាក់កាលគឺ ដំណាក់កាលទី ១ នៅឆ្នាំ ២០២៤ ២០២៥ បានកៀរពង្រាបដីស្រែនៅប្រព័ន្ធធារាសាស្ត្រត្រពាំងត្រស់ ក្នុងឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ លើផ្ទៃដី ៥៨,៣០ ហ.ត ដែលមានកសិករទទួលផល ១៦៦ គ្រួសារ ក្នុងនោះកសិករមេគ្រួសារជាស្រ្តី ៨៧ នាក់ ។

លោកប្រធានមន្ទីកសិកម្មបញ្ជាក់ទៀតថា ដោយឡែកឆ្នាំ ២០២៦ គម្រោងចាប់ផ្តើមកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ្ស៊ែរ ចំនួន ៣ ទីតាំងបន្ថែមទៀត ដូចជា សហគមន៍កសិកម្មតំបែររុងរឿង នៅឃុំតំបែរ ស្រុកតំបែរ លើផ្ទៃដីចំនួន ៥៧,៨៧ ហិកតា ស្មើកសិករទទួលផល ១៣១ គ្រួសារ ក្នុងកសិករមេគ្រួសារជាស្ត្រី ២១ នាក់ សម្រេចបាន ១០០% សហគមន៍កសិកម្មកសិកររុងរឿង នៅឃុំឈូក ស្រុកក្រូចឆ្មារ លើផ្ទៃដីចំនួន ១៤៥,២២ ហិកតា ស្មើកសិករទទួលផល ៧២ គ្រួសារ ក្នុងនោះ កសិករមានមេគ្រួសារជាស្ត្រី ១២ នាក់ ដែលទើបសម្រេចបាន ១០% និងសហគមន៍កសិកម្មសាមគ្គីកក់ នៅឃុំកក់ ស្រុកពញាក្រែក គ្រោងលើផ្ទៃដីចំនួន ៩៩,០៧ ហិកតា ស្មើកសិករទទួលផល ២១៤ គ្រួសារ ក្នុងនោះកសិករមេគ្រួសារជាស្ត្រី ៦៦ នាក់ ដែលទើបសម្រេចបាន ៨% សរុបទាំ ៣ ទីតាំង ក្នុងឆ្នាំ ២០២៦ នេះ គ្រោងកៀរពង្រឹបលើផ្ទៃដីសរុប ៣៦០,៤៦ ហិកតា ដែលមានកសិករទទួលផល ៥៨៣ គ្រួសារ ក្នុងនោះកសិករមានមេគ្រួសារជាស្ត្រី ១៨៦ នាក់ ។

លោកប្រធានមន្ទីកសិកម្មបន្តថា ជំហានក្នុងការដាំដុះ ដំណាំស្រូវឲ្យទទួលបានជោគជ័យ ទទួលបានប្រាក់ចំណេញច្រើន ទប់ស្កាត់ហានិភ័យពីកត្តាចង្រៃ ការរៀបចំដីឲ្យបានរាបស្មើល្អត្រឹមត្រូវតាមបច្ចេកទេស ជាការចាំបាច់បំផុត ហេតុនេះហើយ ក្នុងសម័យបច្ចេកវិទ្យាឌីជីថលនាបច្ចុប្បន្ន ការកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ៊្សែរកំពុងពេញនិយមហើយសមស្របសម្រាប់កសិករដាំដុះដំណាំស្រូវ ។

លោក ហេង ពិសិដ្ឋបន្ថែមថា ការកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ៊្សែរ មិនត្រឹមតែបង្កើនប្រសិទ្ធភាព គុណភាពផលិតកម្មនោះទេ វាថែមទាំងមានទំនាក់ទំនងដល់គុណតម្លៃក្នុងខ្សែចង្វាក់តម្លៃស្រូវ អង្ករផងដែរ ហើយការកៀរពង្រាបដីស្រែ ដោយប្រព័ន្ធឡាហ៊្សែរ បានបញ្ជូលបច្ចេកវិទ្យាថ្មី ក្នុងការរៀបចំដីកសិកម្មឲ្យរាបស្មើល្អ ដែលជាការួមចំណែក កាត់បន្ថយការប្រើប្រាស់ទឹក ការប្រើប្រាស់ជី ថ្នាំកសិកម្ម និងមានភាពស៊ាំ ទៅនឹងការប្រែប្រួលអាកាសធាតុ ប្រសិទ្ធភាពនៃការកៀរពង្រាបដីស្រែឲ្យបានរាបស្មើ នឹងធ្វើឲ្យប្រសើរឡើងនូវទិន្នផលស្រូវ កាត់បន្ថយពេលវេលាគ្រប់គ្រងកត្តាចង្រៃ ស្រូវចេញផ្កា ផ្លែ ទុំស្រុះគ្នា ទំហំគ្រាប់ប៉ុនគ្នា ព្រមទាំងបង្កើនទាំងគុណភាពគ្រាប់ ព្រមទាំងបង្កភាពងាយស្រួល ដល់ប្រតិបត្តិការគ្រឿងយន្តកសិកម្ម និងឧបករណ៍កសិកម្ម មុននិងក្រាយប្រមូលផល ៕
