You are currently viewing លោក គន់ រ័ត្នមុនី អញ្ជើញសំណេះសំណាល និងរៀបចំសហគមន៍កសិកម្មទំនើប ជូនដល់បងប្អូនអតីតយុទ្ធជន ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ

លោក គន់ រ័ត្នមុនី អញ្ជើញសំណេះសំណាល និងរៀបចំសហគមន៍កសិកម្មទំនើប ជូនដល់បងប្អូនអតីតយុទ្ធជន ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ

 

( ត្បូងឃ្មុំ ): លោក គន់ រ័ត្នមុនី អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត (អ.ន.ក) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក ខេត្តត្បូងឃ្មុំ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងរៀបចំសហគមន៍កសិកម្មទំនើប ជូនដល់បងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំទ្រៀក និងឃុំរូង កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅទីតាំងផ្ទះអតីតយុទ្ធជន ស្ថិតក្នុងភូមិព្រៃ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។


លោក គន់ រ័ត្នមុនី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្តម ប៉ែន កុសល្យ ជូនចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ។


លោកអភិបាលរងខេត្តបានសម្តែងនូវការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះវីរភាព និងការលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដី សន្តិសុខ និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋនាពេលកន្លងមក ។


លោក គន់ រ័ត្នមុនី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខ និងជីវភាពរបស់អតីតយុទ្ធជន ជាក់ស្តែង ការរៀបចំដីសម្បទានសង្គមកិច្ច ការសាងសង់ផ្ទះ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត (ផ្លូវ ទឹក ភ្លើង) គឺជាសក្ខីភាពនៃការគិតគូរដ៏ល្អិតល្អន់ ដើម្បីប្រែក្លាយតំបន់នេះទៅជាសហគមន៍គំរូ ។


លោកអភិបាលរងខេត្តបានលើកទឹកចិត្តឱ្យបងប្អូនអតីតយុទ្ធជន ខិតខំបង្កបង្កើនផល ដាំដុះដំណាំរួមផ្សំ និងចិញ្ចឹមសត្វនៅជុំវិញផ្ទះ ដើម្បីផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃ និងលក់លើទីផ្សារបង្កើនចំណូល ។
លោកអភិបាលរងខេត្តបានលើកឡើងពីផែនការចងក្រងជា «សហគមន៍កសិកម្មទំនើប» តាមរយៈយន្តការត្រីវិស័យ (កសិកម្ម-ធនធានទឹក-អភិវឌ្ឍន៍ជនបទ) ដើម្បីធានាបាននូវបច្ចេកទេសដាំដុះ ការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ និងការរៀបចំទីផ្សារឱ្យមានស្ថិរភាព ។


លោក គន់ រ័ត្នមុនី បានណែនាំឱ្យមន្ទីរកសិកម្ម មន្ទីរធនធានទឹក និងស្ថាប័នពាក់ព័ន្ធ បន្តជួយជ្រោមជ្រែងផ្នែកបច្ចេកទេស និងការរៀបចំប្រព័ន្ធស្រោចស្រពឱ្យបានរឹងមាំ ដើម្បីប្រែក្លាយតំបន់ស្នាក់នៅរបស់អតីតយុទ្ធជន ឱ្យទៅជាតំបន់កសិកម្មមានសក្តានុពល ដែលអាចលើកកម្ពស់កម្រិតជីវភាពរបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើងជាលំដាប់ ៕