(ត្បូងឃ្មុំ); ក្នុងគោលដៅជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅថ្នាក់ក្រោមជាតិ អគ្គនាយកដ្ឋានរដ្ឋបាល សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រង និងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តមាន និងទិន្នន័យមន្ត្រីរាជការ ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ (OMS)» កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៦ ដែលមានការចូលរួមពីនាយករងរដ្ឋបាលខេត្ត នាយក-នាយករងទីចាត់ការជំនាញ និងមន្ត្រីបង្គោលមកពីខេត្តចំនួន ៦ រួមមាន ខេត្តត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង ក្រចេះ មណ្ឌលគិរី និងខេត្តរតនគិរី ។

លោក ម៉ាត់ ហ្គោហ្វូត អភិបាលរងខេត្តត្បូងឃ្មុំ បានលើកឡើងថា ការជ្រើសរើសខេត្តត្បូងឃ្មុំជាម្ចាស់ផ្ទះ គឺជាសក្ខីភាពនៃវឌ្ឍនភាពរដ្ឋបាលឌីជីថល ដែលជាសសរស្តម្ភនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

លោកអភិបាលរងខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ការផ្លាស់ប្តូរពីការគ្រប់គ្រងបែបបុរាណ មកប្រើប្រាស់ប្រព័ន្ធ OMS (Online State Management) នឹងក្លាយជាឧបករណ៍ដ៏មុតស្រួចក្នុងការធានាភាពច្បាស់លាស់ ឆាប់រហ័ស និងតម្លាភាព ។

លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ពីអត្ថប្រយោជន៍គន្លឹះទាំង ៣ នៃប្រព័ន្ធ OMS រួមមាន ពង្រឹងវិន័យ និងគុណភាពសេវា៖ ធានាវត្តមានមន្ត្រីឱ្យបានហ្មត់ចត់ ដើម្បីបម្រើសេវាសាធារណៈជូនពលរដ្ឋបានទាន់ពេលវេលា បង្កើនគណនេយ្យភាព៖ លុបបំបាត់ភាពមិនច្បាស់លាស់ក្នុងការស្នើសុំច្បាប់ឈប់សម្រាក និងការបំពេញភារកិច្ច និងការសម្រេចចិត្តផ្អែកលើទិន្នន័យ (Data-Driven)៖ ជួយឱ្យថ្នាក់ដឹកនាំវាយតម្លៃសមត្ថភាពមន្ត្រី និងរៀបចំផែនការបណ្តុះបណ្តាលបានចំគោលដៅ ។

ឯកឧត្តម អ៊ុំ ចំរើន អគ្គនាយករង តំណាងឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល បានសង្កត់ធ្ងន់ថា វគ្គបណ្តុះបណ្តាលនេះគឺដើម្បីបញ្ជ្រាបការយល់ដឹងដល់មន្ត្រីបង្គោលលើការគ្រប់គ្រងវត្តមាន និងទិន្នន័យមន្ត្រីរាជការតាំងពីថ្នាក់ខេត្ត រហូតដល់ថ្នាក់ក្រុង ស្រុក ខណ្ឌ ។
ឯកឧត្តមបានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទទាំងអស់ អនុវត្តការងារឱ្យបានខ្ជាប់ខ្ជួនតាមផែនការយុទ្ធសាស្ត្រ និងត្រូវមានវិធានការចំពោះមន្ត្រីអសកម្ម ដើម្បីបង្កើនប្រសិទ្ធភាពការងាររដ្ឋបាល ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៉ីវ វាសនា អគ្គនាយករង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានធ្វើសេចក្តីសង្ខេបអំពីការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ។ ក្រៅពីប្រព័ន្ធ OMS វគ្គបណ្តុះបណ្តាលក៏បានបង្ហាញអំពី ប្រព័ន្ធគ្រប់គ្រងបទល្មើស CMS (Crime Management System), ប្រព័ន្ធគ្រប់គ្រងលំហូរឯកសារ និងការសុំច្បាប់ឈប់សម្រាក, ប្រព័ន្ធគ្រប់គ្រងទិន្នន័យអតីតមន្ត្រីរាជការស៊ីវិល និងប្រព័ន្ធចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកផងដែរ ។

គួរបញ្ជាក់ថា ការរៀបចំប្រព័ន្ធឌីជីថលប្រកបដោយស្វ័យប្រវត្តិកម្មនេះ ធ្វើឡើងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីធ្វើទំនើបកម្មរដ្ឋបាលថ្នាក់ក្រោមជាតិ ពង្រឹងសមត្ថភាពធនធានមនុស្ស និងធានាបាននូវការគ្រប់គ្រងបញ្ជីបច្ចុប្បន្នភាពបុគ្គលិកឱ្យមានភាពសុក្រឹត ដែលអនុញ្ញាតឱ្យគណៈអភិបាលគ្រប់លំដាប់ថ្នាក់ អាចស្នើសុំច្បាប់ឈប់សម្រាក និងគ្រប់គ្រងការងារតាមរយៈប្រព័ន្ធឌីជីថលបានយ៉ាងងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់ ៕
