You are currently viewing ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង របស់កម្ពុជា អញ្ជើញចុះហត្ថលេខាលើកំណត់ហេតុ កិច្ចសហប្រតិបត្តិការ ឆ្នាំ ២០២៦-២០៣០ ជាមួយខេត្តតៃនិញ ដើម្បីពង្រឹងចំណងមិត្តភាព និងការអភិវឌ្ឍតាមព្រំដែន និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំមមី ២០២៦

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង របស់កម្ពុជា អញ្ជើញចុះហត្ថលេខាលើកំណត់ហេតុ កិច្ចសហប្រតិបត្តិការ ឆ្នាំ ២០២៦-២០៣០ ជាមួយខេត្តតៃនិញ ដើម្បីពង្រឹងចំណងមិត្តភាព និងការអភិវឌ្ឍតាមព្រំដែន និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំមមី ២០២៦

( ត្បូងឃ្មុំ ): ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុ របស់រដ្ឋបាលខេត្តទាំងបី រួមមាន ខេត្តត្បូងឃ្មុំ ស្វាយរៀង និងព្រៃវែង នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការដំណាក់កាលបន្តឆ្នាំ ២០២៦-២០៣០ ជាមួយគណៈកម្មាធិការប្រជាជន ខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងពិធីជួបជុំមិត្តភាព ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំមមី ២០២៦ ផងដែរ កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៦ នៅមជ្ឈមណ្ឌល Ca Na ខេត្តតៃនិញ ។


សមមិត្ត ឡេ វ៉ាន់ហាន់ ប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ រួមទាំងតំណាងរាស្ត្រ និងថ្នាក់ដឹកនាំ សមាជិកគណៈកម្មាធិការប្រជាជនខេត្តតៃនិញ បានលើកឡើងថា ការចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចសហប្រតិបត្តិការរវាងខេត្តតៃនិញ ជាមួយខេត្តជាប់ព្រំដែនទាំងបីរបស់កម្ពុជា គឺជាការឆ្លុះបញ្ចាំងពីចំណងមិត្តភាពប្រពៃណី ការជឿទុកចិត្ត និងសាមគ្គីភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ ។


សមមិត្ត ឡេ វ៉ាន់ហាន់ បានជឿជាក់ថា ការចុះហត្ថលេខានាពេលនេះ នឹងក្លាយជាកម្លាំងចលករថ្មី ក្នុងការបង្កើនប្រសិទ្ធភាពការងារជាក់ស្តែង ដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយូរអង្វែង ។
ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងស្អិតរមួតក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់តាមព្រំដែន ។


ឯកឧត្តម ប៉ែន កុសល្យ បានបញ្ជាក់ថា ការចុះហត្ថលេខានាពេលនេះ មិនត្រឹមតែពង្រឹងកិច្ចសហប្រតិបត្តិការដំណាក់កាលបន្តឆ្នាំ ២០២៦-២០៣០ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកក្នុងការប្រែក្លាយតំបន់ព្រំដែន ឱ្យទៅជាតំបន់អភិវឌ្ឍន៍ ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងចីរភាព ស្របតាមស្មារតីនៃរដ្ឋាភិបាលនៃប្រទេសទាំងពីរ ។


ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងសមមិត្ត ឡេ វ៉ាន់ ហាន់ អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ បានអញ្ជើញចុះហត្ថលេខារួមគ្នាលើកំណត់ហេតុ នៃកិច្ច សហប្រតិបត្តិការ ដោយមានការចូលរួមជាសក្ខីភាព ពីថ្នាក់ដឹកនាំខេត្ត កម្លាំងសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធទាំងអស់របស់ខេត្តទាំង ៤ ដែលប្រព្រឹត្តទៅក្រោមបរិយាកាសសប្បាយរីករាយ ប្រកបដោយមិត្តភាព សាមគ្គីភាព ភាពស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការល្អប្រសើរ និងមានពិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំមមី ២០២៦ ដោយអង្គពិធីទាំងមូលបានទទួលការអញ្ជើញចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ។

សម្តេចកិត្តិសង្គហបណ្ឌិត បានសង្កត់ធ្ងន់លើពាក្យស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ដោយសម្តេចបានកោតសរសើរចំពោះយន្តការសម្របសម្រួលនៅតាមព្រំដែន ដែលបានបង្កលក្ខណៈងាយស្រួលដល់ការចរាចរណ៍ទំនិញ កសិផល និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ព្រមទាំងការរួមគ្នាបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ៕