(ត្បូងឃ្មុំ): មន្ទីរទេសចរណ៍ រៀបចំកិច្ចប្រជុំស្តីពី”ការវាយតម្លៃបញ្ចប់អាណត្តិ នៃការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ ខេត្តត្បូងឃ្មុំ នៅសាលប្រជុំ(ខ)សាលាខេត្ត ត្បូងឃ្មុំ នាថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៦ ។

លោក ប៉េង សម្បត្តិ អភិបាលរងខេត្តត្បូងឃ្មុំបានថ្លែងថា រដ្ឋបាលខេត្តបានកំណត់ យកវិស័យទេសចរណ៍ ជាវិស័យអាទិភាពមួយរបស់ខេត្ត ក្នុងចំណោមវិស័យអាទិភាពផ្សេងៗទៀត ស្របតាមសក្តានុពលដែលមាននៅក្នុងខេត្ត សម្រាប់រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្ត និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការផ្តល់ឱកាសការងារធ្វើនៅក្នុងវិស័យឧស្សាហកម្មទេសចរណ៍ ។

លោកអភិបាលរងខេត្តបន្ថែមទៀតថា ឈរលើមូលដ្ឋាននេះ ដើម្បីជាចក្ខុវិស័យវែងឆ្ងាយ ក្នុងការតម្រង់ទិសចាត់តាំងអនុវត្ត ក្រោមការដឹកនាំរបស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត ក្រសួងទេសចរណ៍ ដែលមានមន្ទីរទេសចរណ៍ខេត្ត ជាសេនាធិការ តែងតែបានកសាងនូវផែនការសម្រាប់អភិវឌ្ឍន៍ ទេសចរណ៍រយៈពេល ៥ឆ្នាំ ដោយមានការចូលរួមពីគ្រប់មន្ទីរ អង្គភាព និងភាគីពាក់ពព័ន្ធផ្សេងទៀតក្នុងខេត្ត ក្រោមយន្តការគណៈកម្មាធិការអភិវឌ្ឍទេសចរណ៍ខេត្ត ទាំងនេះបានបង្ហាញឲ្យឃើញ យ៉ាងច្បាស់ថា វិស័យទេសចរណ៍ គឺមានលក្ខណៈជាប្រព័ន្ធ និងមានភាពប្រទាក់ក្រឡាគ្នានៅក្នុងការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដែលរាជរដ្ឋាភិបាលបានកំណត់ជា «មាសបៃតង» ផងដែរ ។

លោក ម៉ែន ភារម្យ ប្រធាននាយកដ្ឋានអភិវឌ្ឍ ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត មន្ទីរទេសចរ ណ៍ខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តយ៉ាងមានប្រសិទ្ធភាព នូវយន្តការគណៈកម្មា ធិការអភិវឌ្ឍទេសចរណ៍ខេត្តត្បូងឃ្មុំ ប្រកបដោយភាពបត់បែន នវានុវត្ត និងស្មារតីទទួលខុសត្រូវ ខ្ពស់ រហូតទទួលបានសមិទ្ធផលគួរជាទីមោទន សម្រេចបាននូវសូចនាករប្រមាណ៨២ភាគរយ ស្របតាមទស្សនទាន «រួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នា ទទួលខុសត្រូវ» ។

ជាមួយគ្នានេះ អង្គប្រជុំក៏បានឯកភាពគ្នាលើ ការពង្រឹងកិច្ចសហការ រវាងមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលការងារ តាមការគ្រោងទុកក្នុងគោលដៅ ប្រែក្លាយវិស័យទេសចរណ៍ខេត្តកណ្តាលឱ្យក្លាយជាជន្ទុលសេដ្ឋកិច្ចដ៏រឹងមាំ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ។

លោក ម៉ែន ភារម្យ ក៏បានជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់បន្តសហការផ្តល់ទិន្នន័យ និងគាំទ្រដល់ការធ្វើបច្ចុប្បន្នភាព ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តត្បូងឃ្មុំ (២០២៦-២០៣០) នេះ ឱ្យសម្រេចបានតាមគោលដៅ ដែលនឹងកំណត់សម្រាប់ទិសដៅបន្ត ។

លោកអភិបាលរងខេត្ត បានដឹកនាំចុះពិនិត្យតាមទីតាំងមួយចំនួន រួមមាន ផ្ទាំង LED នៅក្រុងសួង រូបសំណាកហ្លួងព្រះស្តេចកន ទីតាំងស្លាក ខ្ញុំស្រឡាញ់ខេត្តត្បូងឃ្មុំ នៅទន្លេសប្បនិមិ្មតទីរួមខេត្តផងដែរ ៕
