(ត្បូងឃ្មុំ): ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញបើកវេទិកាពិគ្រោះយោបល់ រវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិល នាសៀលថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ ក្រោមប្រធានបទ ការពង្រឹងកិច្ចសហការ រវាងរដ្ឋបាលខេត្ត និងសហគមន៍ សមាគមន៍ និងអង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងធ្វើប្រតិបត្តិការក្នុងខេត្តត្បូងឃ្មុំ ។
វេទិកានេះធ្វើឡើង នៅសាលប្រជុំ គ សាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងប្រធានសាលាដំបូងខេត្ត តំណាងព្រះរាជអាជ្ញា នៃអាយ្យការអមសារដំបូងខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំង បី ប្រភេទ លោកនាយក-នាយករង រដ្ឋបាលសាលាខេត្ត, លោកនាយក-នាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល-អភិបាលរងក្រុង/ស្រុកទាំង ៧, លោកមេឃុំ, យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងប្រធានអង្គការ សមាគមន៍ និងសហគមន៍ និងអ្នកពាក់ព័ន្ធជាច្រើនរូប ។
លោក សេង ជ័យវុធ នាយករដ្ឋបាលសាលាខេត្ត បានរាយការណ៍សង្ខេបអំពីស្ថានភាព និងបច្ចុប្បន្នភាព របស់អង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងខេត្តត្បូងឃ្មុំ ដោយយោងតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ លេខ ០៤០ សណន ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្តីពិកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ព្រមទាំងសមាគមនានានៅមូលដ្ឋាន ។
ក្នុងឱកាសនេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍លើកឡើងថា ការរៀបចំជាវេទិកានេះឡើង គឺស្របទៅតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ ដែលបានណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការជួយសម្របសម្រួលពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលខេត្ត និងបណ្តាអង្គការសង្គមស៊ីវិល ក្រោមប្រធានបទ “ការពង្រឹងកិច្ចសហការ រវាងរដ្ឋបាលខេត្ត និងសហគមន៍ សមាគមន៍ និងអង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងធ្វើប្រតិបត្តិការក្នុងខេត្តត្បូងឃ្មុំ” សំដៅចូលរួមចំណែកការផ្តល់កិច្ចសហការអនុវត្តគម្រោងអភិវឌ្ឃន៍នានា ដើម្បីកាត់បន្ថយភាពក្រីក្រ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ។
ឯកឧត្តម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី ៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត មានចក្ខុវិស័យវែងឆ្ងាយ និងមានមនសិការស្នេហាជាតិខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្នុងស្រុក វិស័យដីធ្លី និងការអភិវឌ្ឍតំបន់ព្រំដែន។ ទន្ទឹមនេះ ខេត្តត្បូងឃ្មុំ តែងរក្សាបាននៅ សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពសង្គមបានរឹងមាំ បានផ្តល់គុណតម្លៃមហាសាលដល់កម្ពុជា ក៏ដូចជាខេត្តត្បូងឃ្មុំ បានបោះជំហានអភិវឌ្ឍន៍ជឿនលឿនគ្រប់វិស័យគួរឲ្យកត់សម្គាល់។ ក្នុងនោះដែរ ក៏មានអង្គការសង្គមស៊ីវិល ដែលមានកិច្ចសហការល្អ បានធ្វើមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដោយបានរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម ប៉ែន កុសល្យ បានកោតសរសើ និងវាយតម្លៃខ្ពស់ និងបានថ្លែងអំណរគុណ ចំពោះអង្គការសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងសមាគមនានាទាំងអស់ ដែលធ្វើសកម្មភាពក្នុងទឹកដីខេត្តត្បូងឃ្មុំ ដោយបានរួមចំណែកយ៉ាងសកម្មជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហការគ្នាយ៉ាងជិតស្និទ្ធជួយអភិវឌ្ឍន៍ខេត្ត និងសូមបន្តសកម្មភាពល្អៗទាំងនេះ ធ្វើឲ្យខេត្តត្បូងឃ្មុំ ទទួលបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ៕
