You are currently viewing កិច្ចប្រជុំស្តីពីគណៈកម្មការសុខភាពសិក្សាខេត្តត្បូងឃ្មុំ ដើម្បីផ្សព្វផ្សាយពីបទបញ្ជារបស់រាជរដ្ឋាភិបាលស្តីពីការដាក់ចេញ វិធានការហាមឃាត់នូវការចែកចាយ ការលក់ ការប្រើប្រាស់ ឧបករណ៍អេឡិចត្រូនិច និងសារធាតុគីមីសម្រាប់ជក់ និងស៊ីហ្សា

កិច្ចប្រជុំស្តីពីគណៈកម្មការសុខភាពសិក្សាខេត្តត្បូងឃ្មុំ ដើម្បីផ្សព្វផ្សាយពីបទបញ្ជារបស់រាជរដ្ឋាភិបាលស្តីពីការដាក់ចេញ វិធានការហាមឃាត់នូវការចែកចាយ ការលក់ ការប្រើប្រាស់ ឧបករណ៍អេឡិចត្រូនិច និងសារធាតុគីមីសម្រាប់ជក់ និងស៊ីហ្សា

( ត្បូងឃ្មុំ ): លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញបើកកិច្ចប្រជុំស្តីពីគណៈកម្មការសុខភាពសិក្សាខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៦ នៅសាលប្រជុំ ក សាលាខេត្តត្បូងឃ្មុំ ។


មានប្រសាសន៍បើកកិច្ចប្រជុំ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្តបានលើកឡើងថាកិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពីបទបញ្ជារបស់រាជរដ្ឋាភិបាលស្តីពីការដាក់ចេញនៅវិធានការហាមឃាត់នៅការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិចនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីហ្សា ដោយអនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក្នុងការអភិវឌ្ឍមូលធនមនុស្សឱ្យមានគុណភាពខ្ពស់និងសុខភាពល្អ ដែលជាទ្រព្យសកម្មជាតិដ៏រឹងមាំសម្រាប់ បង្កើនតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗ សំដៅធានាចីរភាពកំណើនរយៈពេលវែង និង ជវភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ។


លោកជំទាវ អភិបាលរងបន្តប្រសាសន៍ថា ដោយយោងទៅលើសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ឱ្យអនុវត្តនេះ គណៈកម្មការសុខភាពសិក្សាខេត្ត ដែលក្នងនោះមានមន្ទីរអង្គភាពជំនាញដែលពាក់ព័ន្ធដូចជា មន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរសុខាភិបាលខេត្ត មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរធម្មការ និងសាសនា មន្ទីរព័ត៌មាន មន្ទីរទេសចរណ៍ និងអាជ្ញាធរមានសម្ថកិច្ចពាក់ព័ន្ធ ត្រូវចូលរួមធ្វើការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយដល់សាធារណៈជន អាជីវករលក់ដូរ អាណាព្យាបាលសិស្ស ជាពិសេសយុវជនឱ្យបញ្ឈប់ជាបន្ទាន់នៅរាល់ ការលក់ចែកចាយ ការប្រើប្រាស់ ការស្តុកទុកឧបករណ៍អេឡិចត្រូនិចនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីហ្សា ដើម្បីកាត់បន្ថយអត្រាអ្នករងគ្រោះដោយសារ សារធាតុគីមី សារធាតុញៀន និងស៊ីហ្សានេះ ។


លោកជំទាវ ក៏សំណូមពរឱ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមអនុវត្តកិច្ចការងារនេះឱ្យបានឆាប់រហ័ស ដើម្បីធ្វើការទប់ស្កាត់នូវរាល់ការប្រើប្រាស់ ឧបករណ៍អេឡិចត្រូនិចទាំងនេះឱ្យបានទាន់ពេលវេលា និងរក្សាបាននៅសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសគឺសុខុមាលភាពក្នុងសង្គមផងដែរ ៕