You are currently viewing រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅយុទ្ធសាស្ត្រការងារឆ្នាំ ២០២៦ ដើម្បីពង្រឹងប្រសិទ្ធភាពសេវាសាធារណៈ

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅយុទ្ធសាស្ត្រការងារឆ្នាំ ២០២៦ ដើម្បីពង្រឹងប្រសិទ្ធភាពសេវាសាធារណៈ

(ត្បូងឃ្មុំ): រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅយុទ្ធសាស្ត្រការងារឆ្នាំ ២០២៦ ដើម្បីពង្រឹងប្រសិទ្ធភាពសេវាសាធារណ: នៅសាលប្រជុំធំសាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៦ ។


ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត ត្បូងឃ្មុំ បានមានប្រសាសន៍ថា កម្មវិធីដែលបាននឹងកំពុងប្រព្រឹត្តទៅក្នុងពេលនេះ មានគោលបំណងសំខាន់ គឺដើម្បីធ្វើការឆ្លុះបញ្ចាំង និងបង្ហាញពីលទ្ធផល សមិទ្ធផល ដែលរដ្ឋបាលខេត្ត សម្រេចបានកន្លងមក និងរំលេចឱ្យឃើញនូវបញ្ហាប្រឈមនានា ចំពោះការអនុវត្តតួនាទីភារកិច្ចរបស់មន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធ ក្នុងការផ្តល់សេវាសាធារណៈ ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ។


ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ទោះបីជាស្ថានភាពនៅតាមតំបន់ព្រំដែនមានភាពធូរស្រាលមួយកម្រិត ប៉ុន្តែ ផលវិបាកដែលបន្សល់ទុកនៅតែជាបញ្ហាអាទិភាព ដែលត្រូវរួមគ្នាដោះស្រាយ ស្មារតីមហាសាមគ្គីនៃ «មហាគ្រួសារខ្មែរ» ក្នុងខេត្តត្បូងឃ្មុំ បានរួមគ្នាបរិច្ចាគថវិកា និងសម្ភារៈជួយដល់កងទ័ព និងនគរបាលជាតិ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមព្រំដែន និងជាពិសេសពលរដ្ឋភៀសសឹក ។


ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពរបស់កងកម្លាំងជួរមុខ និងទឹកចិត្តសប្បុរសរបស់ប្រជាពលរដ្ឋ ព្រះសង្ឃ និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ។


ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានស្នើដល់អង្គសន្និបាតទាំងមូល ចូលរួមផ្តល់យោបល់ឱ្យបានផុលផុស ដើម្បីជាធាតុចូលក្នុងការពង្រឹងការអនុវត្តទិសដៅ របស់រដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០២៦ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមគោលនយោបាយ កំណែទម្រង់ស៊ីជម្រៅ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា ឯកឧត្តមបានសូមឱ្យអង្គពិធីទាំងមូលផ្តោតការយកចិត្តទុកដាក់ក្នុងការចូលរួមពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមនានា និងផ្តល់ជាធាតុចូលទាំងឡាយ ទៅក្នុងកិច្ចពិភាក្សានីមួយៗ ដើម្បីធានាបាននូវផែនការជាក់លាក់ និងជាវិធានរួមដ៏លម្អិតមួយ ដែលមានភាពប្រាកដប្រជា និងធានាបាននូវភាពជាម្ចាស់របស់ស្ថាប័ន ។


ឯកឧត្តម ប៉ែន កុសល្យ បានផ្តល់អនុសាសន៍ឱ្យអង្គសន្និបាតទាំងមូល ចូលរួមផ្តល់យោបល់ឱ្យបានផុសផុល ដើម្បីជាធាតុចូលសម្រាប់ពង្រឹងការអនុវត្តការងារឆ្នាំ ២០២៦ ឱ្យកាន់តែមានតម្លាភាព និងគណនេយ្យភាព ។

ឯកឧត្តមបញ្ជាក់ទៀតថា មន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវបន្តធ្វើការងារក្នុងស្មារតីបុរេសកម្ម ដើម្បីសម្រេចឱ្យបាននូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សំដៅអភិវឌ្ឍខេត្តត្បូងឃ្មុំឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព និងបរិយាបន្ន ៕