(ត្បូងឃ្មុំ): ដើម្បីឆ្លើយតបយ៉ាងសកម្មទៅនឹងយុទ្ធសាស្ត្ររបស់ក្រសួងព័ត៌មាន ក្នុងការបង្ក្រាបនិងទប់ស្កាត់ការរីករាលដាលនៃព័ត៌មានមិនពិត មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានសហការជាមួយរដ្ឋបាលស្រុកពញាក្រែក និងវិទ្យាល័យហ៊ុនសែន ពញាក្រែក រៀបចំយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងដើរដង្ហែក្បួនតាមទីសាធារណៈ ក្រោមពាក្យស្លោក «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» (Say No to Fake News) ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៦ ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ធីន ស៊ីថាច ប្រធានមន្ទីរព័ត៌មានខេត្ត និង លោក លី សុភាលីន អភិបាលស្រុកពញាក្រែក មន្ត្រីនៃរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណជាង ២.០០០ នាក់ ។

លោក ធីន ស៊ីថាច ប្រធានមន្ទីរព័ត៌មានខេត្ត បានលើកឡើងពីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនៃព័ត៌មានក្លែងក្លាយ (Fake News) ដែលអាចបង្កឱ្យមានភាពវឹកវរក្នុងសង្គម បាត់បង់ទំនុកចិត្ត និងប៉ះពាល់ដល់សន្តិសុខជាតិ ។

លោកប្រធានមន្ទីរបានសង្កត់ធ្ងន់ថា “ព័ត៌មានក្លែងក្លាយប្រៀបដូចជាមេរោគដ៏គ្រោះថ្នាក់ ដែលរាលដាលឆ្លងយ៉ាងលឿនតាមរយៈការផ្សព្វផ្សាយលើបណ្តាញសង្គម ជាពិសេសក្នុងសង្គមឌីជីថលនេះ ការប្រើប្រាស់បណ្តាញសង្គមទំនាក់ទំនងដូចជា ហ្វេសប៊ុក(facebook) តិកតុក(TikTok) អ៊ិច (X Twitter) អ៊ីនស្តាក្រាម(Instagram) តេឡេក្រាម(Telegram) ជាដើមគឺមានគណនីអ្នកប្រើប្រាស់ច្រើន ហើយគ្រប់គ្នាគឺសុទ្ធតែមានឱកាសក្នុងការផ្សព្វផ្សាយ ចែករំលែក និងរកចំណូលតាមបណ្តាញសង្គមទាំងនេះ ដែលនេះគឺជាឱកាស ក៏ជាហានិភ័យរបស់អ្នកប្រើប្រាស់បណ្តាញសង្គម និងប្រជាពលរដ្ឋ ដែលជនឱកាសនិយមមួយចំនួន យកបណ្តាញទាំងនោះធ្វើជាឧបករផ្សព្វផ្សាយ បំប៉ោងព័ត៌មាន បំភ័យមហាជន ឬយកជាឧបករណ៍នយោបាយបម្រើផលប្រយោជន៍ជនបរទេស ផងដែរ ។

លោកប្រធានមន្ទីរបន្តថា ការយល់ដឹងពីរបៀបត្រួតពិនិត្យប្រភពព័ត៌មាន មុននឹងជឿ ឬចែកចាយបន្ត គឺជាអាវុធដ៏សំខាន់បំផុតសម្រាប់បងប្អូនប្រជាពលរដ្ឋ និងយុវជនយើង ដើម្បីរួមចំណែកថែរក្សាសុខសន្តិភាព និងកម្ចាត់រាល់ព័ត៌មានក្លែងក្លាយទាំងនោះ ដោយការចែករំលែកព័ត៌មានដែលពិត គឺមានប្រភពច្បាស់លាស់ពី គណនីផ្លូវការរបស់ស្ថាប័នជាតិធំ ដូចជា៖ ក្រសួងព័ត៌មាន ក្រសួងការពារជាតិ ឬថ្នាក់ដឹកនាំកំពូលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។

ជាមួយគ្នានោះលោក លី សុភាលីន អភិបាលស្រុកពញាក្រែក ក៏បានជំរុញឱ្យសិស្សានុសិស្ស និងយុវជនដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងសកម្ម ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ដោយ កុំប្រញាប់ជឿ ពេលឃើញព័ត៌មានដែលមានលក្ខណៈញុះញង់ ឬមានប្រភពមិនច្បាស់លាស់ ។

កុំប្រញាប់ Share ប្រសិនបើមិនទាន់បានផ្ទៀងផ្ទាត់ជាមួយប្រភពផ្លូវការ ឬស្ថាប័នព័ត៌មានវិជ្ជាជីវៈ ។
រួមគ្នាទប់ស្កាត់៖ ត្រូវរាយការណ៍ ឬពន្យល់បន្តទៅកាន់សមាជិកគ្រួសារ និងមិត្តភក្តិអំពីផលវិបាកនៃព័ត៌មានក្លែងក្លាយ ។

ក្រោយបញ្ចប់ពិធីសំណេះសំណាល ក្បួនដង្ហែដែលមានការចូលរួមយ៉ាងច្រើនកុះករ បានធ្វើដំណើរតាមដងផ្លូវសាធារណៈក្នុងស្រុកពញាក្រែក ដើម្បីចែកចាយខិតប័ណ្ណ និងផ្សព្វផ្សាយសារអប់រំដល់អាជីវករ និងអ្នកដំណើរ សកម្មភាពនេះបានឆ្លុះបញ្ចាំងពីសាមគ្គីភាពរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងការបង្កើតនូវ «ប្រព័ន្ធការពារព័ត៌មាន» ដ៏រឹងមាំមួយនៅមូលដ្ឋាន ។

យុទ្ធនាការនេះមិនត្រឹមតែជាការដាស់តឿនប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបណ្តុះនូវវប្បធម៌ «ការទទួលខុសត្រូវក្នុងការចែកចាយព័ត៌មាន» ដើម្បីធានាថា សង្គមកម្ពុជា ជាពិសេសខេត្តត្បូងឃ្មុំ នឹងក្លាយជាសង្គមមួយដែលពោរពេញដោយព័ត៌មានពិត មានប្រយោជន៍ និងមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់រូប ៕
