You are currently viewing គណៈអុីម៉ាំខេត្តត្បូងឃ្មុំ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ៨ លានរៀល ប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីឧបត្ថម្ភ ដល់វីរកងទ័ព និងពលរដ្ឋរងគ្រោះតាមព្រំដែន

គណៈអុីម៉ាំខេត្តត្បូងឃ្មុំ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ៨ លានរៀល ប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីឧបត្ថម្ភ ដល់វីរកងទ័ព និងពលរដ្ឋរងគ្រោះតាមព្រំដែន

( ត្បូងឃ្មុំ ): ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញទទួលយកនូវ គ្រឿងឧបភោគបរិភោគ និងថវិការដ៏ថ្លៃថ្លា ពីឯកឧត្តម ម៉ូត យូសុះ ប្រធានគណៈអុីម៉ាំខេត្ត និងជាអ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ ក្នុងស្មារតីសាមគ្គីជាតិ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធ បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិការដ៏ថ្លៃថ្លាចំនួន ៨ លានរៀល មកប្រគល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ នៅសាលាខេត្តត្បូងឃ្មុំ ជាន់ផ្ទាល់ដី ដើម្បីបន្តចាត់ចែងជូនដល់វីរកងទ័ព ដែលកំពុងការពារបូរណភាពទឹកដី និងជនភៀសសឹកដែលរងផលប៉ះពាល់ពីសង្គ្រាមនៅតាមព្រំដែន ។


ឯកឧត្តម ម៉ូត យូសុះ បានមានប្រសាសន៍ថា អំណោយនាពេលនេះ គឺជាសក្ខីភាពបញ្ជាក់ពីទឹកចិត្តសប្បុរសធម៌ និងការដឹងគុណយ៉ាងជ្រាលជ្រៅរបស់បងប្អូនសាសនិកឥស្លាម តាមរយៈគណៈអុីម៉ាំខេត្ត ចំពោះវីរកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដីយ៉ាងអង់អាច យើងខ្ញុំសូមចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ដើម្បីជួយសម្រាលការលំបាក ដល់កងទ័ព ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីសង្គ្រាម នៅតាមព្រំដែន ក្នុងស្មារតីខ្មែរជួយខ្មែរ ។


ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏សប្បុរសនេះ ដោយឯកឧត្តមបានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត ខ្ញុំសូមកោតសរសើរចំពោះគណៈអុីម៉ាំខេត្ត និងឯកឧត្តម ម៉ូត យូសុះ ដែលតែងតែនៅក្បែរប្រជាពលរដ្ឋ និងរដ្ឋបាលខេត្តគ្រប់កាលៈទេសៈ ។


ឯកឧត្តមអភិបាលខេត្តបន្តថា គ្រឿងឧបភោគបរិភោគ និងថវិកាទាំងនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្កើនកម្លាំងចិត្តដល់យុទ្ធជននៅជួរមុខ និងជួយដល់ជនភៀសសឹក ឱ្យមានស្ថិរភាពជីវភាពមួយកម្រិតទៀត យើងនឹងនាំយកអំណោយទាំងនេះ ទៅប្រគល់ឱ្យចំគោលដៅ ក្នុងពេលឆាប់ៗបំផុត ។


អំណោយទាំងនោះរួមមាន ថវិកាឧបត្ថម្ភសរុប ៨ លានរៀលគ្រឿងឧបភោគបរិភោគ អង្ករស ២ តោន មីខ្លាឃ្មុំ ១២០ កេស ទឹកសុទ្ធ ២០០ យួរ ទឹកត្រី ៥០ យួរ និងទឹកស៊ីអុីវ ៥០ យួរ ត្រីខកំប៉ុង ១០ យួរ ភេសជ្ជៈអាយ ៤ កេស និងកូកាកូឡា ៣ យួរ សាច់ដូងក្រអូប Fafa ២ កេស ទឹកដោះគោឃុន ៣ កេស ប៊ីចេង ១០ គីឡូក្រាម និងប្រេងឆា ១ កេស
សកម្មភាពនេះ មិនត្រឹមតែជាការផ្ដល់ជំនួយសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញនូវសាមគ្គីភាពធ្លុងតែ ១ រវាងសាសនិកឥស្លាម និងរាជរដ្ឋាភិបាល ក្នុងបេសកកម្មរួមចំណែកថែរក្សាសន្តិសុខ និងសេចក្តីសុខជូនប្រជាជាតិខ្មែរទាំងមូល ៕