( កំពង់ចាម ): លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចុះជួយ និងត្រួតពិនិត្យការសាងសង់ផ្ទះជូនអតីត យុទ្ធជន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ។

ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត កំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ។

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្ត និងជាប្រធានលេខាធិការ ដ្ឋាន អ.ន.ក ខេត្តកំពង់ចាម អញ្ជើញចុះ ត្រួតពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន សរុបចំនួន ២១ ខ្នងផ្ទះ លើស្រុកចំនួន ៧ នែខេត្តកំពង់ចាម ក្នុងនោះបានសាងសង់រួចរាល់ជាស្ថាពរ ចំនួន ៥ ខ្នងផ្ទះ ស្ថិតក្នុងស្រុកបាធាយ និងនៅសល់ចំនួន ១៦ ខ្នងផ្ទះ បាននឹងកំពុងពន្លឿនការសាងសង់ ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត កំពង់ចាម ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក៏បានបន្តចុះត្រួតពិនិត្យការសាងសង់អាគារ រដ្ឋបាល និងការជួសជុលកែលម្អ រោងសម្រាប់ ដាក់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាន នគរបាលស្រុកជើងព្រៃ និងស្រុកព្រៃឈរ ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានជួបសំណេះសំណាល និងត្រួតពិនិត្យ កងកម្លាំង តាមបណ្តាអធិការដ្ឋាននគរបាលស្រុក ទាំងបីខាងលើ និងបានធ្វើការណែនាំ និងផ្សព្វផ្សាយនូវអនុសាសន៍របស់ថ្នាក់ដឹកនាំ និង បានឱ្យកងកម្លាំងទាំងអស់បង្កើនការយកចិត្ត ទុកដាក់ខ្ពស់ ក្នុងការបន្តផ្តល់សេវាសំណូមពរ និងសេវាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន និងត្រូវបន្ត ពង្រឹងវិធានការ បង្ការ ទប់ស្កាត់ និងបង្រ្កាបគ្រប់ បទល្មើស និងការគ្រប់គ្រងការងារសន្តិសុខ ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានា បាននូវសុវត្ថិភាពខ្ពស់ ជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ អន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុង មូលដ្ឋាន និងការធ្វើដំណើរឆ្លងកាត់ក្នុង ភូមិសាស្ត្រខេត្តកំពង់ចាម ៕
