(ត្បូងឃ្មុំ): លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ បញ្ជារការដ្ឋានវិស្វកម្មកងទ័ពជើងគោក ដែលបានយកចិត្តទុកដាក់ អនុវត្តគម្រោងស្ថាបនាផ្លូវ ១ ខ្សែ ប្រកបដោយគុណភាព និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ១០០% ។

លោកជំទាវថ្លែងវាយតម្លៃបែបនេះ នៅក្នុងពិធីដែល លោកជំទាវ ដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៏ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញចុះត្រួតពិនិត្យ វាយតម្លៃការងារជួសជុលស្តារឡើងវិញ នូវផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ ខ្សែ ប្រវែង ៤.០០០ ម៉ែត្រ ដែលរត់កាត់ពីភូមិទួលសូភី ឃុំទួលសូភី ឆ្ពោះទៅភូមិចង្វា ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

ក្រោយពីបានពិនិត្យយ៉ាងហ្មត់ចត់លើគ្រប់ផ្នែកនៃផ្លូវ លោកជំទាវ ឯក គន្ធវារី បានបង្ហាញក្តីរីករាយ និងបានគូសបញ្ជាក់ថា ការងារសាងសង់នេះពិតជាមានភាពរឹងមាំ និងសោភ័ណភាព ដែលឆ្លុះបញ្ចាំងពីការទទួលខុសត្រូវខ្ពស់ របស់អង្គភាពអនុវត្តគម្រោង គឺបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ដោយមានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំជាសេនាធិកា ។

លោកជំទាវ និងគណៈកម្មការអន្តរក្រសួង បានឯកភាពទទួលយកការងារនេះទាំងស្រុង ដោយចាត់ទុកថា បានអនុវត្តត្រឹមត្រូវតាមកិច្ចសន្យា និងស្តង់ដារដែលក្រសួងកំណត់ ។

សូមបញ្ជាក់ថា គម្រោងនេះបានប្រើប្រាស់ថវិកាជំពូក ២១ ដោយមានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ជាសេនាធិកា ហើយផ្លូវនេះមានប្រវែង ៤គីឡូម៉ែត្រ ទទឹង ៦ ម៉ែត្រ អមដោយការងារសិល្បការ្យសំខាន់ៗដូចជា ចិញ្ចើមផ្លូវក្រាលដីល្បាយក្រួស, ការសាងសង់លូមូលមុខពីរ ៤ កន្លែង, លូមូលមុខមួយ ៣ កន្លែង, អណ្ដូងលូមានគម្រប ៦ កន្លែង និងស្លាកឈ្មោះផ្លូវ ១ កន្លែង ដែលនឹងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋក្នុងតំបន់ឱ្យកាន់តែងាយស្រួលជាងមុន ៕
