( ត្បូងឃ្មុំ ): កម្លាំងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ បង្ក្រាបបទល្មើសប្រើឧប្បករណ៍នេសាទដែលជលផលហាមឃាត់នៅក្នុងភូមិសាស្រ្តឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ។

លោក សេង ប៊ុនសុង នាយខណ្ឌរដ្ឋបាលជលផលខេត្តត្បូងឃ្មុំ បានឲ្យដឹងនាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ថា កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ កម្លាំងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ ដឹកនាំដោយលោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងយោធាភូមិភាគ ២ រដ្ឋបាលឃុំមៀន ប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន ស្រុកអូររាំងឪ មានការចូលរួមពីគណ:កម្មការសហគមន៍នេសាទបឹងក្រពិត សរុបចំនួន ១២ នាក់ បានចុះល្បាត ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសប្រើឧប្បករណ៍នេសាទដែលជលផលហាមឃាត់នៅក្នុងភូមិសាស្រ្តឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយបានរុះរើ បំផ្លាញចោលឧបករណ៍នេសាទស្បៃមុងខុសច្បាប់ ស្មើ ១ ករណី រួមមាន លូស្បៃមុង ១៥ មាត់ របាំងស្បៃមុង ៤៥០ ម៉ែត្រ បង្គោលចម្រឹងចំនួន ២២៥ ដើម ចាក់លែងកូនត្រីចម្រុះទម្ងន់ ៣០ គីឡូក្រាម ។

លោក សេង ប៊ុនសុង បន្តថា នាយខណ្ឌ និងនាយផ្នែកត្បូងឃ្មុំ បានចុះបើកកិច្ចប្រជុំពង្រឹងការងារដល់គណ:កម្មការសហគមន៍នេសាទបឹងយាយ ស និងធ្វើកំណត់ហេតុប្រគល់ទទួលវត្ថុតាងបទល្មើសនេសាទ ដោយឧបករណ៍ឆក់ ពីគណៈកម្មការសហគមន៍នេសាទបឹងយាយ ស ឃុំសេដា ស្រុកតំបែរ ១ ករណី វត្ថុតាងមាន អាំងវែកទ័របម្លែងចរន្តអគ្គិសនី ចំនួន ២ គ្រឿង ដងឆក់ ចំនួន ២ គូរផងដែរ ៕
