You are currently viewing ថ្នាក់ដឹកនាំ និងសមាជិកសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តត្បូងឃ្មុំ ប្រមូលបច្ច័យជាង ៧ លានរៀល ចូលរួមកឋិនទានសាមគ្គី កសាងវត្តទួលឃ្លាំង ស្រុកអូររាំងឪ

ថ្នាក់ដឹកនាំ និងសមាជិកសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តត្បូងឃ្មុំ ប្រមូលបច្ច័យជាង ៧ លានរៀល ចូលរួមកឋិនទានសាមគ្គី កសាងវត្តទួលឃ្លាំង ស្រុកអូររាំងឪ

( ត្បូងឃ្មុំ ): សមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តត្បូងឃ្មុំ (ស.ស.ន.ប.វ) ដឹកនាំដោយលោក គង់ សុភាព អនុប្រធានកិត្តិយសសមាគម និងលោក ស៊្រុន សារក្ស ប្រធានសាខាសមាគមខេត្ត បានដឹកនាំសមាជិក-សមាជិកា សមាគម ចូលរួមពិធីបុណ្យកឋិនទានសាមគ្គី ដោយមានត្រៃធំចំនួន ៤ និង ២លៀង រួមទាំងបច្ច័យចំនួន ៧.៣០០.០០០ រៀល ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមា វត្តកថាវត្ថុមន្តារាម (ទួលឃ្លាំង) ស្ថិតនៅភូមិទួលឃ្លាំង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ ។


ពិធីបុណ្យកឋិនទាននេះ បានប្រព្រឹត្តទៅតាមគន្លងនៃព្រះពុទ្ធសាសនា ដោយ លោក គង់ សុភាព អនុប្រធានកិត្តិយសសមាគម និងលោក ស៊្រុន សារក្ស ប្រធានសាខាសមាគមខេត្ត ព្រមទាំងសមាជិក-សមាជិកា សមាគម បន្ទាប់ពីជួបជុំ ជាមួយពុទ្ធបរិស័ទជិតឆ្ងាយ បានធ្វើពិធីនមស្សការព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ។


លោក គង់ សុភាព និងលោក ស៊្រុន សារក្ស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ សមាជិក-សមាជិកានៃសមាគម ក៏ដូចជាពុទ្ធបរិស័ទទាំងអស់ ដែលបានមូលមតិគ្នាផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គីនេះ ដើម្បីរួមចំណែកចាប់មគ្គផលក្នុងអង្គបុណ្យកឋិនជាមួយសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត។ លោកទាំងពីរបានអនុមោទនា និងជូនពរឱ្យអ្នកចូលរួមទាំងអស់ទទួលបាននូវអានិសង្សតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ។


លោកអនុប្រធានកិត្តិយស និងលោកប្រធានសាខាសមាគម បានគូសបញ្ជាក់ថា ការជួបជុំធ្វើបុណ្យធ្វើទាននាពេលនេះ គឺដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គសេនាបហាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងបន្តវេនដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ ថ្មីៗនេះ សម្ដេចទាំងទ្វេ រួមទាំងឥស្សរជនជាន់ខ្ពស់ជាច្រើនទៀត បានខិតខំពុះពារគ្រប់ឧបសគ្គ ដើម្បីនាំមកនូវកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ក្រោមការជួយជ្រោមជ្រែងនិងសាទរយ៉ាងក្រៃលែងពីសហគមន៍អន្តរជាតិ ។


លោក គង់ សុភាព និងលោក ស៊្រុន សារក្ស បានបញ្ជាក់បន្ថែមថា សន្តិភាពគឺជាទ្រព្យដ៏ពិសិដ្ឋមិនអាចកាត់ថ្លៃបាន ដែលជាបំណងប្រាថ្នាតែមួយគត់របស់ប្រជាពលរដ្ឋគ្រប់រូប និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។ ជាមួយគ្នានេះ សមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តត្បូងឃ្មុំ ចាំបាច់ត្រូវចូលរួមការពារថែរក្សាសន្តិភាព និងសមិទ្ធផលដែលកើតមានសព្វថ្ងៃឱ្យបានគង់វង្សយូរអង្វែងតទៅទៀត ។ ការចូលរួមធ្វើបុណ្យកឋិនទានសាមគ្គីនេះ ក៏ជាការរួមចំណែកក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងបានបង្ហាញឱ្យកូនចៅជំនាន់ក្រោយមើលឃើញនូវទំនៀមទម្លាប់ប្រពៃណីដ៏ល្អរបស់ខ្មែរយើង ។


បុណ្យកឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលប្រជាជនខ្មែរចាប់ផ្តើមធ្វើឡើងបន្ទាប់ពីថ្ងៃចេញវស្សា ។ បុណ្យកឋិនទានតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ចាប់ពីថ្ងៃ ១ រោច ខែអស្សុជ ដល់ថ្ងៃទី ១៥ កើត ខែកត្តិក ។ ប្រសិនបើទីអារាមណាមិនមានអង្គកឋិនហែរចូលទេ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ ។ ចំណែកអ្នកផ្តើមបុណ្យ ត្រូវរៀបចំបរិក្ខារកឋិនមានចីវរ សង្ឃាដិ ស្បង់ អដ្ឋបរិក្ខារនិងទេយ្យវត្ថុផ្សេងៗទៀតដូចជា ចានស្រាក់ កាំបិត ចេស ម្ជុល និងឆ័ត្រ ដើម្បីហែរទៅទីអារាមដែលបានកំណត់ ។


សូមបញ្ជាក់ថា បច្ច័យដែលប្រមូលបានពីអង្គកឋិនទានទាំងអស់នេះ បានវេរប្រគេនព្រះសង្ឃក្នុងព័ទ្ធសីមាវត្តកថាវត្ថុមន្តារាម (ទួលឃ្លាំង) ដើម្បីបន្តកសាងកុដិ និងសមិទ្ធផលនានានៅក្នុងទីអារាមនេះ ៕