You are currently viewing រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីអបអរសាទរ ទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៥ បង្រ្កាបបាន ២៦៤ករណី និងឃាត់ខ្លួនមនុស្ស ចំនួន ៧១០ នាក់

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីអបអរសាទរ ទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៥ បង្រ្កាបបាន ២៦៤ករណី និងឃាត់ខ្លួនមនុស្ស ចំនួន ៧១០ នាក់

 

(ត្បូងឃ្មុំ): ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡេង ប៊ុនណា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតី ក្នុងកម្មវិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ – មិថុនា ឆ្នាំ២០២៥ សម្រាប់ខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា ស្ថិតនៅសាលប្រជុំ គ សាលាខេត្ត នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ។

ឯកឧត្តម ណុប ឡងឌី អភិបាលរងខេត្ត និងជាប្រធានលេខាធិកាដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តត្បូងឃ្មុំ បានការសម្តែងនូវការស្វាគមន៍ និងបានលើកឡើងពីរបាយការណ៍សង្ខេប ជូនអង្គពិធីជ្រាប ចំពោះលទ្ធផលការងារ ក្នុងរយៈពេល ៩ខែដើមឆ្នាំ២០២៥ របស់ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តត្បូងឃ្មុំ បានសម្រេចការងារជាច្រើន រួមមាន ការអប់រំផ្សព្វផ្សាយ: ធ្វើការអប់រំ ២,០០៨ លើក មានអ្នកចូលរួមជាង ៤២,០០០ នាក់ ។

វិធានការរដ្ឋបាល ធ្វើតេស្តសារធាតុញៀនលើមន្ត្រី ២,៩០០ នាក់ រកឃើញអ្នកបើកបរមានសារធាតុញៀន ៩ នាក់ គ្រប់គ្រងអ្នកប្រើប្រាស់ ៥៩០ នាក់ និងចុះកិច្ចសន្យាជាមួយទីតាំងងាយរងគ្រោះ ១៩៣ កន្លែង និងកាស៊ីណូ ១២ កន្លែង។

ការអនុវត្តច្បាប់: បង្ក្រាប ២៦៤ ករណី ចាប់ខ្លួន ៧១០ នាក់ រឹបអូសថ្នាំញៀនជិត ១.២ គីឡូក្រាម និងវត្ថុតាងផ្សេងៗទៀត។

-ការស្តារនីតិសម្បទា: បញ្ជូនអ្នកញៀន ១៤ នាក់ ទៅព្យាបាលនៅមន្ទីរពេទ្យ និង ១៣៧ នាក់ ទៅមណ្ឌលស្តារនីតិសម្បទា ដោយ ៤៤ នាក់ ត្រូវបានសមាហរណកម្មចូលសហគមន៍វិញ។ ទន្ទឹមនេះ កិច្ចសហប្រតិបត្តិការអន្តរជាតិ ក៏បន្តសហការយ៉ាងសកម្មជាមួយវៀតណាមដើម្បីទប់ស្កាត់បទល្មើសគ្រឿងញៀនឆ្លងដែនផងដែរ ។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡាយ ប៊ុនណា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិ បានអាន សារលិខិតរបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា»ផងដែរ ។

ក្នុងឱកាសនេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា បញ្ហាគ្រឿងញៀន គឺជាបញ្ហាសកល និងជាឧក្រិដ្ឋកម្មឆ្លងដែនដ៏ស្មុគស្មាញប្រទាក់ក្រឡាគ្នាជាប្រព័ន្ធ។រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុក ទិវាដ៏មានអត្ថន័យមួយនេះ គឺជាថ្ងៃដ៏មានសារៈសំខាន់មួយ ដែលរំលឹកឱ្យយើងទាំងអស់គ្នា បានឃើញពីការប្តេជ្ញាចិត្ត កិច្ចខិតខំប្រឹងប្រែង ស្មារតីមោះមុត និងការបំផុសចលនាជាតិ របស់កម្ពុជា ក្នុងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀននាឆ្នាំកន្លងទៅ តាមគ្រប់រូបភាព វិធីសាស្ត្រ និងយុទ្ធសាស្ត្រ សំដៅធ្វើយ៉ាងណា កាត់បន្ថយ និងឈានដល់ការលុបបំបាត់បញ្ហាគ្រឿងញៀនចេញពីសង្គមកម្ពុជា ។

ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា រដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ធានាបាន នូវការចូលរួម ជាលក្ខណៈពហុវិស័យ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តត្បូងឃ្មុំ បានយកចិត្តទុកដាក់ពង្រឹងយន្តការ ដែលមានស្រាប់ ហើយប្រែក្លាយខ្លឹមសារ នៃការប្រារព្ធពិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាពេលនេះ ឱ្យក្លាយទៅជាកម្លាំងសរុប មធ្យោបាយសរុប វិធានការសរុប រួមគ្នាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន សំដៅធានាបាន ការកសាងនូវជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀនយ៉ាងពិតប្រាកដ ។

ឯកឧត្តម ប៉ែន កុសល្យ ក៏បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសកងកម្លាំងទាំងបី កម្លាំងប៉ុស្តិ៍រដ្ឋបាល ឃុំ សង្កាត់ទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តគោលនយោបាយនេះឲ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសក្នុងការចូលរួមការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានគ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរ ឬក៏និន្នាការនយោបាយបក្សពួកនិយមណាមួយឡើយ ដោយត្រូវខិតខំអនុវត្ត និងបម្រើជូនគាត់ឲ្យអស់ពីកម្លាំងកាយចិត្ត ដែលទាំងនេះគឺជាផ្នែកមួយក្នុងការ ការពារសុវត្ថិភាព សន្តិសុខសណ្ដាប់ធ្នាប់ ជូនគាត់ប្រកបដោយភាពកក់ក្តៅ និងសន្តិសុខខ្ពស់ ។

ជាចុងក្រោយ ឯកឧត្តម ប៉ែន កុសល្យ ក៏បានប្រគល់បណ្ណសរសើរ លើកទឹកចិត្តដល់ការចូលរួមរបស់ស្ថាប័នមន្ទីរអង្គភាព ក៏ដូចជាកងកម្លាំង ដែលខិតខំបំពេញការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទូទាំងខេត្តត្បូងឃ្មុំ ទទួលបានជោគជ័យ នឹងបានដុតបំផ្លាញសារធាតុញៀន ប្រភេទ មេតំហ្វេតាមីន ICE (ម៉ាទឹកកក) ទម្ងន់ ១,១៨៥.៦ក្រាម និងប្រភេទ WY ទម្ងន់ ៦០ក្រាម ៕