( ត្បូងឃ្មុំ ): ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញប្រារពខួបលើកទី ១៣ ឆ្នាំ នៃការចងចាំ ការគោរពវិញ្ញាណក្ខណ្ឌ ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីមហាវីរក្សត្រ ព្រះវររាជ បិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៅក្នុងតំបន់បុរីរដ្ឋបាលសាលាខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៥ ។

ព្រះករុណាសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីមហាវីរក្សត្រ ព្រះវររាជ បិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គឺជាព្រះមហាវីរក្សត្រដ៏ឆ្នើម ក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលបានលះបង់ និងបូជាព្រះកាយពល ព្រះបញ្ញាញាណ និងព្រះកម្លាំងកាយចិត្តយ៉ាងធំធេងបំផុត ចំពោះបុព្វហេតុជាតិមាតុភូមិ ។

ព្រះអង្គបានដឹកនាំទាមទារឯករាជ្យជាតិពីអាណានិគមបារាំង យ៉ាងប៉ិនប្រសប់ រហូតទទួលបានជោគជ័យពេញលេញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតសម្រាប់ជាតិខ្មែរ។ ព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមនេះ បានធ្វើឲ្យព្រះអង្គទទួលគោរមងារដ៏ខ្ពង់ខ្ពស់ជា “ព្រះវររាជបិតាឯករាជ្យជាតិ” ។

ក្នុងព្រះរាជ្យដឹកនាំរបស់ព្រះអង្គ កម្ពុជាបានឆ្លងកាត់នូវយុគសម័យដ៏រុងរឿងមួយ ដែលគេប្រសិទ្ធនាមថា “យុគសម័យសង្គមរាស្ត្រនិយម” ព្រះអង្គបានកសាងជាតិ រីកចម្រើនលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ។

ព្រះអង្គក៏ជាស្ថាបត្យករដ៏សំខាន់ក្នុងការថែរក្សា បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ផងដែរ។ ទោះបីជាប្រទេសជាតិធ្លាប់បានជួបប្រទះនូវវិបត្តិសង្គ្រាម និងភាពវឹកវរយ៉ាងណាក៏ដោយ ក៏ព្រះអង្គនៅតែបន្តតស៊ូឥតងាករេ ដើម្បីបង្រួបបង្រួមជាតិ និងនាំមកនូវសុខសន្តិភាពឡើងវិញ ។

ក្នុងឱកាសទិវាខួបលើកទី១៣ឆ្នាំ នៃការចងចាំ ការគោរពវិញ្ញាណក្ខណ្ឌ ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីមហាវីរក្សត្រ ព្រះវររាជ បិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ១៥ ខែតុលា ឆ្នាំ២០២៥នេះប្រជាជាតិខ្មែរ និងបងប្អូនពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទាំងមូល សូមអ្វើការរំលឹកនូវព្រះគុណូបការៈដ៏ធំធេងរបស់ព្រះអង្គ ។

ព្រះរាជបូជនីយកិច្ច និងកេរដំណែលដ៏ថ្លៃថ្លារបស់ព្រះបរមរតនកោដ្ឋ នឹងស្ថិតស្ថេរជារៀងរហូតនៅក្នុងដួងចិត្តកូនចៅខ្មែរគ្រប់ជំនាន់ ។
ទូលព្រះបង្គំជាខ្ញុំ ព្រមទាំងមន្ត្រីរាជការ ប្រជាពលរដ្ឋទាំងអស់ សូមថ្វាយព្រះរាជកុសលដ៏ឧត្តុង្គឧត្តម ថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមស្តេចយាងសណ្ឋិតក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕
