You are currently viewing រដ្ឋបាលខេត្តត្បូងឃ្មុំ បើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ ៣ ឆ្នាំរំកិល ថ្នាក់ស្រុក ឃុំ ឆ្នាំ ២០២៦ នៅស្រុកអូររាំងឪ

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ ៣ ឆ្នាំរំកិល ថ្នាក់ស្រុក ឃុំ ឆ្នាំ ២០២៦ នៅស្រុកអូររាំងឪ

(ត្បូងឃ្មុំ): ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បីឆ្នាំរំកិល ថ្នាក់ស្រុក ឃុំ ឆ្នាំ២០២៦ ក្នុងស្រុកអូររាំងឪ ដែលសម្របសម្រួលដោយមន្ទីរផែនការខេត្ត សហការជាមួយរដ្ឋបាលស្រុក នៅសាលប្រជុំសាលាស្រុកអូររាំងឪ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់ នាយក-នាយករង ទីចាត់ការជំនាញ នៃរដ្ឋបាលខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក ជា ណារ៉ុន អភិបាលស្រុកអូររាំងឪ និងតំណាងលោកប្រធានក្រុមប្រឹក្សាស្រុក លោក-លោកស្រី អភិបាលរងស្រុក នាយក-នាយករងរដ្ឋបាលស្រុក ប្រធាន-អនុប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក មេឃុំ គណៈកម្មាធិការកសាងផែនការ និងថវិកាឃុំ ស្មៀនឃុំ ទាំង ៧ឃុំ អង្គការដៃគូរអភិវឌ្ឍន៍នានា ផ្នែកឯកជន និងអ្នកពាក់ព័ន្ធជាច្រើនរូប ។

លោក ជា ណារ៉ុន អភិបាលស្រុកអូររាំងឪ បានថ្លែងការស្វាគមន៍ ដោយមានជារបាយការណ៍សង្ខេប នូវផែនការសកម្មភាព អភិវឌ្ឍស្រុក និងបានលើកឡើងថា សិក្ខាសាលាសមាហរណកម្ម ផែនការវិនិយោគបីឆ្នាំរំកិលនេះ ពិតជាមានសារៈសំខាន់ ក្នុងការផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពរយៈពេល ៣ឆ្នាំរំកិល (២០២៦-២០២៨) ក៏ដូចជាកៀរគរប្រភពធនធានចាំបាច់សម្រាប់ការអនុវត្តគម្រោងទាំងនោះ ដើម្បីធានាប្រសិទ្ធភាព និងចីរភាពនៃការអភិវឌ្ឍន៍។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់មន្ទីរ អង្គភាពពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន និងសប្បុរសជនទាំងអស់ ចូលរួមគាំទ្រ និងផ្តល់ជំនួយដល់គម្រោងទាំងនេះ ដើម្បីរួមចំណែកដល់ការរីកចម្រើនរបស់ស្រុកអូររាំងឪ។

ក្នុងឱកាសនេះ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត បានមានប្រសាសន៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានានៅក្នុងស្រុក និងឃុំ សុទ្ធតែមានការចូលរួមពីប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងសប្បុរសជននានា។ ដូចនេះ ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ដែលជាតំណាងឱ្យប្រជាជន សូមលើកឡើងនូវគម្រោង ឬសកម្មភាពជាអាទិភាព ដែលស្នើឡើងដោយមូលដ្ឋាន ត្រូវដាក់បញ្ចូលទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់ស្រុក និងបណ្តាឃុំទាំង ៧ឃុំ ដើម្បីស្វែងរកប្រភពថវិកាគាំទ្រ ។

ឯកឧត្តម បន្តថា សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលសម្រាប់ស្រុក និងឃុំ ក្នុងស្រុកអូររាំងឪ សម្រាប់ឆ្នាំ២០២៦ គឺមានគោលដៅធានាឱ្យគម្រោងសកម្មភាពអាទិភាពមានភាពស៊ីចង្វាក់ជាមួយគោលនយោបាយ និងយុទ្ធសាស្ត្ររបស់បណ្ដាមន្ទីរ អង្គភាពជំនាញ និងអង្គការជាតិ-អន្តរជាតិ ផ្តោតសំខាន់លើការវិភាគ និងចរចារវាងភាគីពាក់ព័ន្ធ ដើម្បីប្រមូលផ្ដុំធនធានគាំទ្រកិច្ចអភិវឌ្ឍន៍មូលដ្ឋាន ដោយប្រើប្រាស់សក្ដានុពលពីគ្រប់មជ្ឈដ្ឋានឱ្យបានល្អប្រសើរ តាមរយៈកិច្ចសហប្រតិបត្តិការ ឈានទៅសម្រេចទិសដៅរួមប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម ម៉ៅ ឌុង ក៏បានអំពាវនាវដល់មន្ទីរ អង្គភាព និងអង្គការជាតិ-អន្តរជាតិ ឱ្យពិនិត្យ និងពិចារណានូវគម្រោងសកម្មភាពអាទិភាព សម្រាប់អនុវត្តនៅឆ្នាំ២០២៦នេះ ដែលជាតម្រូវការចាំបាច់របស់មូលដ្ឋាន និងធ្វើការសម្រេចចិត្តគាំទ្រគម្រោងទាំងនោះឱ្យបានសមស្រប ដោយធ្វើការសហការជាមួយរដ្ឋបាលឃុំ-សង្កាត់ ឱ្យបានជិតស្និទ្ធ និងល្អប្រសើរ ។

គួរបញ្ជាក់ផងដែរថា គម្រោងអាទិភាព ដែលបានស្នើឡើង សម្រាប់ឆ្នាំ២០២៦ របស់រដ្ឋបាលស្រុក និងឃុំទាំង ៧ នៅស្រុកអូររាំងឪ មានចំនួន ៣៥៨គម្រោង ក្នុងនោះមាន ៤ ផ្នែក៖ ផ្នែកសេដ្ឋកិច្ច ១០៧គម្រោង, ផ្នែកសង្គមកិច្ច ១៦០គម្រោង, ផ្នែកធនធានធម្មជាតិ ៣៣គម្រោង និងផ្នែករដ្ឋបាលសន្តិសុខ ចំនួន ៥៨គម្រោង ។ ជាលទ្ធផលបណ្តោះអាសន្ននៃសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល នេះ គម្រោងរបស់ស្រុកអូររាំងឪ ទទួលការគាំទ្រ សរុបមានចំនួន ១៧៥គម្រោង គម្រោងមន្ទីរវិស័យក្នុង ចំនួន ១៦២គម្រោង មន្ទីរវិស័យក្រៅ ចំនួន ៧គម្រោង និងអង្គការក្នុង ចំនួន ៦គម្រោង ដោយលទ្ធផលគាំទ្រគម្រោងសរុប ៤៧% ៕