You are currently viewing អត្ថបទបរទេស : ផលប៉ះពាល់នៃសារធាតុប្លាស្ទិកលើឆ្អឹងរបស់មនុស្ស

អត្ថបទបរទេស : ផលប៉ះពាល់នៃសារធាតុប្លាស្ទិកលើឆ្អឹងរបស់មនុស្ស

ការវិវត្តនៃគ្រោងឆ្អឹង និងភាពរឹងមាំរបស់វា មានតួនាទីសំខាន់សម្រាប់សុខភាពមនុស្ស។ តាមរយៈការសិក្សាមួយនាពេលថ្មីៗនេះ បានបង្ហាញថា ទោះបីជាយើងរស់នៅក្នុងសម័យទំនើបស៊ីវីល័យ យ៉ាងណាក្តី  ក៏បញ្ហាសុខភាពទាក់ទងនឹងកត្តាហានិភ័យថ្មីសម្រាប់ជំងឺឆ្អឹងមិនត្រូវបានបង្ហាញឱ្យឃើញទូលំទូលាយនៅឡើយ។ មីក្រូប្លាស្ទិក និងលម្អងប្លាស្ទិក (Micro-nanoplastics, MPs) បានបង្កជាបញ្ហាយ៉ាងខ្លាំងដល់បរិស្ថាន និងសុខភាព ដោយសារវាមានការរកើនឡើងច្រើននៅក្នុងបរិស្ថានជុំវិញ។
ការស្រាវជ្រាវបានបង្ហាញឱ្យឃើញលទ្ធផលគួរឱ្យព្រួយបារម្ភ​ ដោយសារធាតុ​  MPs នេះ ត្រូវបានគេរកឃើញនៅក្នុងជាលិកាឆ្អឹងរបស់មនុស្ស។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ  MPs បានបង្កផលប៉ះពាល់ដល់លទ្ធភាពនៃការរីកចម្រើនរបស់កោសិកា ជំរុញឱ្យកោសិកាឆាប់ចាស់ ផ្លាស់ប្តូររូបរាងនៃកោសិកា ការផលិតជាលិកានៃស្រទាប់ខ្លាញ់​និងឆ្អឹង ធ្វើឱ្យមានការប្រែប្រួលហ្សែន បង្កើនប្រតិកម្មលើការផលិតអុកស៊ីហ្សែនក្នុងកោសិកា បង្កឱ្យមានការរលាក និងជំរុញឱ្យឆ្អឹងពុកជាដើម ។ ប្លាស្ទិក MPs ក៏ត្រូវបានរកឃើញមានទំនាក់ទំនង នឹងការចុះខ្សោយនៃចំនួនគ្រាប់ឈាមក្នុងខួរឆ្អឹងខ្នងផងដែរ។
ការធ្វើពិសោធន៍លើសត្វ បានបង្ហាញថា ការទទួលទានអាហារច្រកដោយប្លាស្ទិក ឬមានសារធាតុប្លាស្ទិក បានបង្កឱ្យមានមីក្រូប្លាស្ទិក MPs បង្កជាបញ្ហាដល់ប្រព័ន្ធរំលាយអាហារ ពោះវៀន និងកាត់បន្ថយចំនួនកោសិកាឈាមស ដែលបង្ហាញពីមុខងារខួរឆ្អឹង មិនបានដំណើរការជាប្រក្រតី។  សារធាតុប្លាស្ទិក ត្រូវបានគេរកឃើញនៅក្នុងកោសិកាឆ្អឹង និងនៅក្នុងកោសិកាឈាមផ្សេងទៀត។ លើសពីនេះ មីក្រូប្លាស្ទិក និងលម្អងប្លាស្ទិក (MPs) បានប្រមូលផ្តុំនៅក្នុងឆ្អឹង និងបានកាត់បន្ថយការលូតលាស់របស់ឆ្អឹង និងការចុះខ្សោយនៃប្រព័ន្ធការពាររបស់ខួរឆ្អឹង ដែលមានមុខងារ ជួយបង្កើតប្រព័ន្ធការពាររាងកាយ។
ទោះបីជាការសិក្សាជាច្រើនបានរកឃើញផលប៉ះពាល់របស់ មីក្រូនិងលម្អងប្លស្ទិក MPs លើសំណាកកោសិកា និងជាលិកាឆ្អឹងរបស់សត្វក៏ដោយ​ ប៉ុន្តែវាក៏អាចកើតមាននៅក្នុងឆ្អឹង ឬខួរឆ្អឹងរបស់មនុស្សរួចទៅហើយ។ ជាមួយគ្នានេះ ការសិក្សាឱ្យច្បាស់លាស់ជាងនេះនឹងបន្តធ្វើបន្ថែមទៀត៕