( ខេត្តកំពង់ធំ ): ប្រជាពលរដ្ឋនៅក្នុងឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ អបអរសារទរ ខណ:ពួកគាត់នឹងទទួលបានផ្លូវបេតុង ១ ខ្សែ ប្រវែង ៥០០ ម៉ែត្រ ទទឹងខ្នងលើ ៥ ម៉ែត្រ ដែលនឹងចាប់ផ្តើមលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខនេះ ធ្វើឲ្យមូលដ្ឋានរបស់គាត់មានភាពសុីវីល័យល្អឆើត បែបទាន់សម័យឌីជីថល ។

ផ្លូវបេតុងខាងលើនេះត្រូវបានដាក់ឲ្យដេញថ្លៃជាសាធារណៈនាព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ នៅក្នុងសាលាឃុំសណ្ដាន់ ដោយមានក្រុមហ៊ុនបានចូលរួមដាក់សំណើរប្រកួតប្រជែងដេញថ្លៃ ប្រកបដោយតម្លាភាពយ៉ាងរលូន និងយុត្តិធម៌ ក្រោមការឃ្លាំមើលពីមន្ត្រីទីចាត់ការផែការ និងវិនិយោគខេត្ត លោកអភិបាលរងស្រុកសណ្ដាន់ និងអ្នកអង្កេតការណ៍សាព័ត៌មានជាច្រើនអង្គភាពទៀតផង ។

លទ្ធផលនៃការដេញថ្លៃនេះ គឺបានទៅលើក្រុមហ៊ុន ហែល ធានី ជាអ្នកដេញបាន ក្នុងតម្លៃទាបជាងគេអាចទទួលយកបាន ដែលមានសិទ្ធិក្នុងការអនុវត្តិគម្រោងផ្លូវខាងលើ បើប្រៀបធៀបទៅនឹងតម្លៃប៉ាន់ស្មានសរុប ២៥២.៦៨៥.៩២៦ រៀលគត់ ។

ដែលនេះគឺជាការបង្ហាញឱ្យប្រជាពលរដ្ឋយល់ច្បាស់ថា ការអភិវឌ្ឍក្នុងសហគមន៍កំពុងមានការដំណើរការដោយប្រកាន់គោលការណ៍សន្សំសំចៃ និងតម្លាភាព ហើយគម្រោងនេះទៀតសោធ ត្រូវបានរំពឹងទុកថា នឹងមានផលវិជ្ជមានដល់ការអាស្រ័យផលរបស់បងប្អូនប្រជាពលរដ្ឋក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ នៅក្នុងឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំយើង ៕
