(ត្បូងឃ្មុំ): នុងស្មារតីជាតិខ្មែរតែមួយ ខ្មែរជួយខ្មែរ! នៅសាលាខេត្តត្បូងឃ្មុំ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ម៉ូត យូសុះ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជាអ៉ីម៊ាំខេត្ត, ឯកឧត្តម ម៉ាត់ ហ្កោហ្វូត អភិបាលរងខេត្ត និងឯកឧត្តម សុះ រ៉ហ្វាត សមាជិកក្រុមប្រឹក្សាខេត្ត និងជាគណៈអុីម៊ាំស្រុក បានដឹកនាំថ្នាក់ដឹកនាំសាសនិកឥស្លាមខេត្តត្បូងឃ្មុំ នាំយកថវិកា គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗមួយចំនួនទៀត ដែលគណៈអុីម៊ាំខេត្ត ទទួលបានពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងខេត្ត ប្រគល់ជូនដល់រដ្ឋបាលខេត្តត្បូងឃ្មុំ តាមរយៈឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ សម្រាប់ត្រៀមផ្តល់ជូនវីរៈកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសិក ក៏ដូចជាអ្នកត្រូវការជំនួយនានា នៅតាមបណ្តាខេត្តនានា ដែលរងផលប៉ះពាល់ពីការឈ្លានពានរបស់ថៃ មកលើកម្ពុជា។
ឯកឧត្តម ម៉ាត់ ហ្កោហ្វូត អភិបាលរងខេត្តត្បូងឃ្មុំ បានលើកឡើងថា សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ និងថវិកា ដែលបាននាំយកមកប្រគល់ជូនតាមរយៈរដ្ឋបាលខេត្ត សម្រាប់បន្តផ្តល់ជូនវីរៈកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសិក នាពេលនេះ ជាចំណែកមួយ នៃការចូលរួមរបស់បងប្អូនសាសនិកឥស្លាមនៅទូទាំងខេត្តត្បូងឃ្មុំ ដោយមួយចំនួនធំ ក៏បានចូលរួមតាមរយៈ មេភូមិ មេឃុំ រដ្ឋបាលស្រុក/ក្រុងរួចហើយផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម ម៉ូត យូសុះ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តឃ្មុំ ជាអ៉ីម៉ាំខេត្ត តំណាងឲ្យពលរដ្ឋខ្មែរឥស្លាមខេត្តត្បូងឃ្មុំ បានថ្លែងថាដោយមានស្មារតីខ្មែរតែមួយ ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ស្រលាញ់ជាតិ និងដើម្បីរួមចំណែកការពារជាតិមាតុភូមិ ថ្នាក់ដឹកនាំសាសនិកឥស្លាមខេត្តត្បូងឃ្មុំ ក៏បានកៀរគរ ប្រជាពលរដ្ឋខ្មែរឥស្លាម បាននាំគ្នាចូលរួមបរិច្ចាគគ្រឿងឧបភោគ-បរិភោគ រួមនឹងថវិកាដើម្បីយកទៅជូនដល់បងប្អូនវិរៈកងទ័ពសមរភូមិជួរមុខ តាមព្រំដែនកម្ពុជា-ថៃ ដែលកំពុងការពារទឹកដី ពីចោរថៃឈ្លានពាន និងសម្រាប់ផ្តល់ជូនជនភៀសសិក ព្រមទាំងសម្រាប់ប្រជាពលរដ្ឋដែលមានតម្រូវការ ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត គណៈអ៉ីម៉ាំខេត្ត គណៈអ៉ីម៉ាំក្រុង/ស្រុកទាំង ៥ គណៈគ្រប់គ្រោងគ្រូខ្មែរឥស្លាម តួន តួនតាមបណ្តាក្រុង/ស្រុក យុវជនស.ស.យ.ក យុវជន CMYA ព្រមទាំងបងប្អូន ជាតំណាងឲ្យសប្បុរសជនជាសាសនិកឥស្លាមនៅគ្រប់មជ្ឈដ្ឋានក្នុងខេត្ត ដែលបានចូលរួមចែករំលែកធនធានទៅតាមលទ្ធលភាពរៀងៗខ្លួន តាមរយៈរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋដែលកំពុងជម្លៀសចេញពីផ្ទះសម្បែង មករកទីកន្លែងសុវត្ថិភាព ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយក្នុងនាមខ្មែររួមឈាមតែមួយ។
បន្ថែមលើនេះ ឯកឧត្តម ប៉ែន កុសល្យ បានគូសបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តត្បូងឃ្មុំ នៅតែបន្តទទួលការចូលរួមចំណែកបរិច្ចាគ ទាំងថវិកា ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗទៀត ពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ព្រមទាំងសប្បុរសជននានា នៅសាលាខេត្តត្បូងឃ្មុំ៕
