You are currently viewing អគារស្នាក់នៅ សាលាវីដូ ក្នុងស្រុកពញាក្រែក ចំណាយថវិការសាងសង់ជិត ៣ ម៉ឺនត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

អគារស្នាក់នៅ សាលាវីដូ ក្នុងស្រុកពញាក្រែក ចំណាយថវិការសាងសង់ជិត ៣ ម៉ឺនត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

( ត្បូងឃ្មុំ ): ឯកឧត្តម ម៉ូត យូសុះ សមាជិកគណៈកម្មការទី១ នៃរដ្ឋសភាកម្ពុជា តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ, ដាតុស្រ៉ីបណ្ឌិត មហាម៉ាត់ហ្សុលកីហ្វី្ឆ អាល់បាក្រី អតីត រដ្ឋមន្ត្រីក្រសួងធម្មការម៉ាឡេស៊ី ឯកឧត្តម អគ្គរដ្ឋទូត ទូម៉ាឡេស៊ី  ប្រចាំព្រះរាជាណាចក្រកម្ពុជា និងហាជ្ជី ហ្សុលកីហ្វី ប្រធានមូស្លឹមឃែសូសាយអេធី បានអញ្ជើញសម្ពោធអគារស្នាក់នៅ សាលាវីដូ ស្ថិតនៅភូមិថ្មី ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាត្បូងឃ្មុំ នាព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៥ ។


ពិធីសម្ពោធនេះ មានការអញ្ជើញចូលរួមពី លោក ស្មាន រ៉ហ្វាន អភិបាលរងស្រុកពញាក្រែក និង លោក ល័ស អេល មេឃុំពពេល និងដោយមានការចូលរួមពី លោកមេភូមិ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី ភ្ញៀវជាតិ និងអន្តរជាតិ គណៈអ៉ីមាំខេត្ត ស្រុក ហាគឹម តួន យុវជន សិស្សានុសិស្ស និងអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករ ។


លោក ហ្សាសរី អ៊ីសស្មាអ៊ែល នាយកគ្រប់គ្រងសាលាវីដូ បានលើកឡើងថា សម្ពោធអគារស្នាក់នៅ សាលាវីដូ ស្ថិតនៅភូមិថ្មី ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំនេះ ធ្វើឡើងក្រោមការឧបត្ថមសាងសង់ដោយ មូស្លឹមឃែសូសាយអេធី(Muslim care Malaysia Society) តាមរយៈលោកបណ្ឌិត ម៉ាត់ ប៉ាសារី ប្រធានសមាគមសាស្ត្រាចារ្យមូស្លឹមកម្ពុជា ដែលចំណាយទឹកប្រាក់ប្រមាណជា (២៧.២៣២$)ផងដែរ ។


មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម ម៉ូត យូសុះ សមាជិកគណៈកម្មការទី១ នៃរដ្ឋសភាកម្ពុជា តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ បានធ្វើការថ្លែងអំណរគុណដល់ លោកដាតុស្រ៉ីបណ្ឌិត មហាម៉ាត់ហ្សុលកីហ្វី្ឆ អាល់បាក្រី អតីត រដ្ឋមន្ត្រីក្រសួងធម្មការម៉ាឡេស៊ី ក៏ដូចជាឯកឧត្តម អគ្គរដ្ឋទូត ទូម៉ាឡេស៊ី  ប្រចាំព្រះរាជាណាចក្រកម្ពុជា និងហាជ្ជី ហ្សុលកីហ្វី្ឆ  ប្រធានមូស្លឹមឃែសូសាយអេធី ដែលបានយកចិត្តទុកដាក់ជួយឧបត្ថមគាំទ្រកន្លងមកដែលធ្វើឱ្យយើងសម្រេចបាននៅសមិទ្ធិផលអគារស្នាក់នៅនេះ ។


ឯកឧត្តម សមាជិកគណៈកម្មការទី ១ នៃរដ្ឋសភាបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំយកនៅសុខសន្តិភាពជូនប្រជាជនកម្ពុជា ។ ជាមួយគ្នានេះប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធសេរីភាពលើសាសនាដែលខ្លួនគោរពផងដែរ មិនតែប៉ុណ្ណោះគោលដៅនៃការគោរពនៅសាសនាទាំងនោះក៏ជាផ្នែកមួយនៃការអប់រំទាំងផ្នែកសាសនា និងអប់រំទូទៅផងដែរ ដែលគោលដៅនេះឆ្ពោះទៅសម្រេចបានការអភិវឌ្ឍន៍ធនធានមនុស្សនាពេលអនាគត ។
ឯកឧត្តម ក៏សំណូមពរឱ្យសិស្សានុសិស្សបន្តខិតខំរៀនសូត្រដើម្បីក្លាយខ្លួនជាបញ្ញវន្តនាពេលអនាគតដើម្បីអភិវឌ្ឍន៍កម្ពុជាយើងឱ្យកាន់តែរីកចម្រើន ។


គួរបញ្ជាក់ផងដេរថា បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ គណៈអធិបតីទាំងអស់ក៏បានអញ្ជើញកាត់ខ្សែបូណ៌សម្ពោធឆ្លងអគារស្នាក់នៅ សាលាវីដូ ដែលអាគារនេះគឺមានទំហំ ១១២ ម៉ែត្រ ទទឹង ៨ ម៉ែត្រ និងបណ្តោយ ១៤ ម៉ែត្រ ហើយបន្ទប់នីមួយៗមានបង្គន់អនាម័យ និងបំពាក់នៅគ្រឿងបរិក្ខាប្រើប្រាស់ដើម្បីផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្សក្នុងការស្នាក់នៅផងដែរ ៕