(ត្បូងឃ្មុំ): លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមកិច្ចប្រជុំ “គណៈកម្មាធិការហិរញ្ញប្បទានសុខាភិបាល ប្រចាំត្រីមាសទី ១ ឆ្នាំ ២០២៦” ដែលរៀបចំដោយ រដ្ឋបាលខេត្តត្បូងឃ្មុំ សហការជាមួយមន្ទីរសុខាភិបាលខេត្ត នាព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៦ ។

លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានបង្ហាញនូវរបាយការណ៍បូកសរុបលទ្ធផលការងារយ៉ាងលម្អិត ដោយឆ្លុះបញ្ចាំងពីការរីកចម្រើននៃវិស័យសុខាភិបាលក្នុងខេត្ត និងការផ្តល់សេវាជួយសង្គ្រោះប្រជាពលរដ្ឋជាច្រើនករណី ។

លោកវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៣ ខែ ដើមឆ្នាំ ២០២៦ នេះ សមិទ្ធផលសំខាន់ៗដែលសម្រេចបាន រួមមាន សេវាពិនិត្យព្យាបាល បានផ្តល់សេវាពិនិត្យជំងឺក្រៅជូនប្រជាពលរដ្ឋសរុបចំនួន ១៨៨.១៧០ ករណី និងអ្នកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ១០.០៤៩ ករណី ការជួយសង្គ្រោះមាតា និងទារក ជួយសម្រាលកូនជូនស្ត្រីបានចំនួន ២.៤៣០ នាក់ និងចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗជូនកុមារបានជាង ៣.២០០ នាក់ និងបន្ទុកជំងឺមិនឆ្លង កំពុងយកចិត្តទុកដាក់ខ្ពស់លើការថែទាំអ្នកជំងឺទឹកនោមផ្អែមជាង ៦.២០០ នាក់ និងលើសសម្ពាធឈាមជាង ៧.៥០០ នាក់ បន្ថែមលើនេះ មន្ទីរសុខាភិបាលខេត្ត បានផ្តល់សេវាព្យាបាលដោយមិនបង់ថ្លៃ ជូនដល់ប្រជាពលរដ្ឋសរុបចំនួន ១១០.៨២០ នាក់ តាមរយៈមូលនិធិសមធម៌ (ប័ណ្ណក្រីក្រ), ប.ស.ស និងការជួយឧបត្ថម្ភផ្ទាល់ពីមន្ទីរពេទ្យ ។

លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ក៏បានលើកឡើងនូវបញ្ហាប្រឈមចំនួន ៣ ដែលត្រូវការអន្តរាគមន៍ជាបន្ទាន់ មានដូចជា ការកើនឡើងករណីអេដស៍ថ្មី ក្នុងក្រុមបុរសស្រលាញ់បុរស (MSM) ប្រសិទ្ធភាពការងារសហគមន៍ របស់ក្រុមទ្រទ្រង់សុខភាពភូមិ នៅតាមតំបន់មួយចំនួននៅមានកម្រិត និងបញ្ហាហិរញ្ញវត្ថុ៖ ការយឺតយ៉ាវក្នុងការទូទាត់សងប្រាក់ពី ប.ស.ស និងភ្នាក់ងារបញ្ជាក់ចំណាយជាតិ ដែលកំពុងប៉ះពាល់ដល់ចរន្តថវិកាប្រតិបត្តិការរបស់មន្ទីរពេទ្យ និងមណ្ឌលសុខភាព ។

លោកប្រធានមន្ទីរបានសង្កត់ធ្ងន់ថា មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ សង្ឃឹមយ៉ាងមុតមាំលើការចូលរួមផ្តល់មតិ និងអនុសាសន៍ពីគណៈកម្មាធិការហិរញ្ញប្បទានខេត្ត ដើម្បីរួមគ្នាដោះស្រាយបញ្ហាទាំងនេះ សំដៅធានាឱ្យបាននូវការផ្តល់សេវាសុខាភិបាលដែលមានគុណភាព ប្រសិទ្ធភាព និងសមធម៌ជូនប្រជាពលរដ្ឋទូទាំងខេត្ត ។

លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត ក៏បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំ និងមន្ត្រី សុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ ជាពិសេសនៅតាមមន្ទីរពេទ្យបង្អែកក្រុង-ស្រុក ក៏ដូចជាមណ្ឌលសុខភាព ដែលបានបំពេញកិច្ចការងារបានយ៉ាងល្អប្រសើរ ។

លោកជំទាវបានក៏បានលើកទឹកចិត្ត ដល់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ សូមបន្តពង្រឹងគុណភាពសេវាសុខាភិបាលឱ្យកាន់តែប្រសើរឡើង ជាពិសេស ការបង្កើនសុខុមាលភាពប្រជាជន គឺជាការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចតាមរយៈការកសាងធនធានមនុស្ស ហើយកិច្ចប្រជុំនេះ ក៏ជា “ត្រីវិស័យ” សម្រាប់រៀបចំផែនការអនុវត្តបន្តរហូតដល់ឆ្នាំ ២០២៧ ផងដែរ ៕
