You are currently viewing ឯកឧត្តម ងឿន ច័ន្ទលីន ប៉ូឡែន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែតុលា និងលើកទិសដៅសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៥ របស់មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ

ឯកឧត្តម ងឿន ច័ន្ទលីន ប៉ូឡែន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែតុលា និងលើកទិសដៅសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៥ របស់មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ): ឯកឧត្តម ងឿន ច័ន្ទលីន ប៉ូឡែន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅបន្តការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ របស់មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ នៅសាលប្រជុំមន្ទីរ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងព័ត៌មាន រួមជាមួយលោក ធីន ស៊ីថាច ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ លោកអនុប្រធានមន្ទីរ លោក-លោកស្រី ប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។


ក្នុងឱកាសនោះ លោក ធីន ស៊ីថាច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានឯកឧត្តម ងឿន ច័ន្ទលីន ប៉ូឡែន និងប្រតិភូក្រសួង ដែលបានផ្ដល់កិត្តិយសចូលរួម ។ លោកប្រធានមន្ទីរ បានលើកឡើងពីរបាយការណ៍សង្ខេប ដែលរួមមានទាំងបញ្ហាប្រឈម ក៏ដូចជាសមិទ្ធផលសម្រេចបាន ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២៥ ជូនអង្គប្រជុំជ្រាប ។


លោកប្រធានមន្ទីរ បានបញ្ជាក់ថា មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ មានការិយាល័យចំណុះចំនួន ៥ ក្នុងនោះ ការិយាល័យចំនួន ៣ រួមមាន : ការិយាល័យទូរទស្សន៍ វិទ្យុ និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានសហការចុះយកព័ត៌មាន ថតរូបភាពយកមកតែងនិពន្ធ ចងក្រងអត្ថបទព័ត៌មាន ផលិតកម្មវិធីផ្សេងៗ និងខ្លឹមសារអប់រំខ្លីៗ ដើម្បីផ្សព្វផ្សាយតាមបណ្តាញផេកផ្លូវការរបស់មន្ទីរ និងរដ្ឋបាលខេត្ត ព្រមទាំងបានបញ្ជូនខ្លឹមសារ និងរូបភាព ទៅទូរទស្សន៍ជាតិកម្ពុជា និងទូរទស្សន៍ឯកជន ផ្សព្វផ្សាយបន្តផងដែរ ។


ជាលទ្ធផល សម្រាប់ ៩ខែ ក្នុងឆ្នាំ២០២៥នេះ ការផ្សព្វផ្សាយលើផេកទូរទស្សន៍ជាតិត្បូងឃ្មុំ មានចំនួន ៣,៥៦៤ អត្ថបទ ការផ្សព្វផ្សាយតាមវិទ្យុជាតិខេត្ត ចំនួន ៤,៦៥៨ លើក ការបញ្ជូនទៅផ្សព្វផ្សាយតាមទូរទស្សន៍នៅរាជធានីភ្នំពេញ ចំនួន ១,២៥៤ អត្ថបទ ការធ្វើសេចក្ដីរាយការណ៍តាមទូរស័ព្ទផ្ទាល់ទៅទូរទស្សន៍ជាតិកម្ពុជា ចំនួន ២៦៩ លើក ព្រមទាំងការផ្សព្វផ្សាយតាមបណ្ដាញសង្គម Facebook, TikTok, YouTube, Instagram, X Twitter និងគេហទំព័រមន្ទីរ សរុបចំនួន ៧,២៥២ លើក ។


បន្ថែមលើនេះ មន្ទីរបានផលិតកម្មវិធីផ្សាយផ្ទាល់ តាមផេកទូរទស្សន៍ជាតិខេត្ត ផេកវិទ្យុជាតិខេត្ត ផេកការិយាល័យព័ត៌មាន និងសោតទស្ស ផេកទីភ្នាក់ងារសារព័ត៌មានកម្ពុជាខេត្ត(AKP) និងផេកមន្ទីរព័ត៌មានខេត្ត ក្នុងពេលដំណាលគ្នា រួមមាន : កម្មវិធី «ព័ត៌មានព្រឹកនេះ» ចាប់ពីម៉ោង ៧-៨ ព្រឹក (រៀងរាល់ថ្ងៃច័ន្ទ ដល់សុក្រ) កម្មវិធី «បច្ចុប្បន្នភាពកម្ពុជា» ចាប់ពីម៉ោង ១៣-១៤ រសៀល (រៀងរាល់ថ្ងៃច័ន្ទ ដល់សុក្រ) ព្រមទាំងកម្មវិធី «យល់ដឹងព្រះពុទ្ធសាសនា និងឥស្លាមសាសនា» ចាប់ពីម៉ោង ០៩-១០ ព្រឹក (រៀងរាល់ថ្ងៃសុក្រ)ផងដែរ ។


មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ងឿន ច័ន្ទលីន ប៉ូឡែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ នៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ។ ទន្ទឹមនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលបានសម្រេចនូវការងារជាច្រើន បម្រើឱ្យវិស័យព័ត៌មាន ក្នុងនាម ជាសេនាធិការឱ្យក្រសួងព័ត៌មាន និងរដ្ឋបាលខេត្តត្បូងឃ្មុំ ។


ជាមួយគ្នានេះ ឯកឧត្តម បានកោតសរសើរ ចំពោះមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ដែលបានចូលរួមយ៉ាងសកម្ម ដោយឌីហ្សាញផលិតជាposterហើយpostចែកចាយបន្តជារៀងរាល់ថ្ងៃ ក្នុងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមទិសស្លោក «និយាយថា ទេ ចំពោះព័ត៌មានក្លែងក្លាយ – Say No to Fake News» ក្នុងគោលបំណង ដើម្បីបំផុសគំនិតប្រជាពលរដ្ឋ ឱ្យយល់ដឹងកាន់ច្បាស់ អំពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ និងលើកកម្ពស់ការចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយតាមគ្រប់រូបភាព ។


ឯកឧត្តម ងឿន ច័ន្ទលីន ប៉ូឡែន ក៏បានជំរុញដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រី សូមបន្តអនុវត្តការងារឱ្យកាន់តែល្អប្រសើរថែមទៀត រិះរកនូវគំនិតថ្មីៗក្នុងការផលិតមាតិកាកម្មវិធី និងព័ត៌មានប្លែកៗ ជាពិសេសចុះយកព័ត៌មាន ផលិត និងផ្សព្វផ្សាយបង្ហាញនូវសមិទ្ធផលជាច្រើន ដែលរដ្ឋបាលខេត្តត្បូងឃ្មុំ បានខិតខំសម្រេចបាន ។


មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ងឿន ច័ន្ទលីន ប៉ូឡែន បានផ្ដាំផ្ញើដល់មន្ត្រីទាំងអស់ នៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ឱ្យបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ បង្កើនប្រសិទ្ធភាព និងគុណភាព ស្របតាមទិសស្លោករបស់ឯកឧត្តម នេត្រ ភក្ត្រា គឺ “ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន”៕