You are currently viewing រដ្ឋបាលខេត្តត្បូងឃ្មុំ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបើកកិច្ចប្រជុំ ការធ្វើអធិការកិច្ច ហិរញ្ញវត្ថុលើការគ្រប់គ្រង ការអនុវត្តចំណូល-ចំណាយ ថវិការរដ្ឋ ក្នុងការិយបរិច្ឆេទ ឆ្នាំ ២០២៤ និងឆ្នាំពាក់ព័ន្ធ

រដ្ឋបាលខេត្តត្បូងឃ្មុំ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបើកកិច្ចប្រជុំ ការធ្វើអធិការកិច្ច ហិរញ្ញវត្ថុលើការគ្រប់គ្រង ការអនុវត្តចំណូល-ចំណាយ ថវិការរដ្ឋ ក្នុងការិយបរិច្ឆេទ ឆ្នាំ ២០២៤ និងឆ្នាំពាក់ព័ន្ធ

 

( ត្បូងឃ្មុំ ): លោក ពាង ណារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និង លោក ហោ ស៊ុន ឡេង ប្រធាននាយកដ្ឋានអធិការកិច្ច ហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីដឹកនាំប្រតិភូ បើកកិច្ចប្រជុំ ស្តីពីការធ្វើអធិការកិច្ច ហិរញ្ញវត្ថុលើការគ្រប់គ្រង ការអនុវត្តចំណូល-ចំណាយ ថវិការរដ្ឋ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្នុងការិយបរិច្ឆេទ ឆ្នាំ ២០២៤ និងឆ្នាំពាក់ព័ន្ធ នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៥ ។


លោក ហោ ស៊ុន ឡេង ប្រធាននាយកដ្ឋានបានលើកឡើងថា គោលបំណងចម្បងនៃការចុះធ្វើអធិការកិច្ចហិរញ្ញវត្ថុនៅរដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពក្រោមឱវាទនាពេលនេះ គឺដើម្បី វាយតម្លៃលើអនុលោមភាព ទៅនឹងច្បាប់ បទប្បញ្ញត្តិ គោលការណ៍ នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រួតពិនិត្យភាពត្រឹមត្រូវ នៃការអនុវត្តថវិការដ្ឋ ទាំងចំណូល ចំណាយ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្នុងគោលដៅបង្ការ ទប់ស្កាត់កំហុសឆ្គង ការខ្ជះខ្ជាយ និងការប្រព្រឹត្តអំពើពុករលួយ
ផ្តល់ជាអនុសាសន៍កែលម្អដល់អង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពការងារ ស្របតាមយុទ្ធសាស្ត្រកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលផងដែរ ។


មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត បានលើកឡើងថា ការធ្វើអធិការកិច្ចនេះ ផ្តោតសំខាន់ទៅលើការិយបរិច្ឆេទ ឆ្នាំ២០២៤ និងឆ្នាំពាក់ព័ន្ធ ដើម្បីធានាបាននូវតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាធនធានរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ។


ឯកឧត្តម អភិបាលរងខេត្ត បានបន្តថា កិច្ចប្រជុំនេះគឺធ្វើឡើងដើម្បីពង្រឹងការងារគ្រប់គ្រង និងទប់ស្កាត់នូវភាពមិនប្រក្រតីនានា ដែលអាចកើតមានឡើង ក្នុងការប្រើប្រាស់ ចំណូល-ចំណាយការគ្រប់គ្រងថវិការរដ្ឋ និងទ្រព្យសម្បត្តិរដ្ឋ ហើយសង្ឃឹមនឹងជឿជាក់ថា គ្រប់រដ្ឋបាលក្រុងស្រុកទាំងអស់ធ្វើការសហការ និងធ្វើការអនុវត្តប្រកបដោយតម្លាភាព និងប្រសិទ្ធិភាពខ្ពស់ ៕